រដ្ឋមន្រ្តី ជា វ៉ានដេត៖ សមត្ថភាពឌីជីថល ត្រូវបានកំណត់ដោយ «ឆន្ទៈ និងការបើកចិត្តរៀនសូត្រ» មិនមែនដោយអាយុនោះទេ
12-06-2026 13:46
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានគូសបញ្ជាក់ថា សមត្ថភាពឌីជីថលត្រូវបានកំណត់ដោយ «ឆន្ទៈ និងការបើកចិត្តរៀនសូត្រ» មិនមែនដោយអាយុនោះទេ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញជាធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល» សម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ. សរុប៩៩៣នាក់ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
ដោយលើកយកសក្ខីភាព ពីលទ្ធផលប្រឡងដ៏ល្អរបស់មន្ត្រីរៀមច្បង និងមន្ត្រីដែលមានអាយុច្រើន លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់ថា សមត្ថភាពឌីជីថលត្រូវបានកំណត់ដោយ «ឆន្ទៈ និងការបើកចិត្តរៀនសូត្រ» មិនមែនដោយអាយុនោះទេ។
លោករដ្ឋមន្រ្តី ចាត់ទុកសុភមន្រ្តីរៀមច្បងទាំង១០រូប របស់ក្រសួងបានឆ្លងកាត់នូវការលំបាក និងការប្រែប្រួលជាច្រើនដំណាក់កាល ដោយរក្សាបាននូវភក្តីភាព ឆន្ទៈមោះមុត និងវិន័យវិជ្ជាជីវៈខ្ពស់ក្នុងការកសាង និងផ្ទេរបទពិសោធជូនអ្នកជំនាន់ក្រោយ ក្នុងគោលបំណងបម្រើដល់ផលប្រយោជន៍ជូនក្រសួង និងប្រទេសជាតិ ឱ្យកាន់តែល្អប្រសើរ ពីមួយជំនាន់ទៅមួយជំនាន់។
រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានថ្លែងថា «ការកសាងស្ថាប័នឱ្យមានភាពរឹងមាំ និងនិរន្តរភាព មិនអាចពឹងផ្អែកលើកម្លាំងរបស់ជំនាន់ណាមួយតែឯងបានឡើយ ប៉ុន្តែទាមទារឱ្យមានការ ផ្សារភ្ជាប់រវាងបទពិសោធ ចំណេះដឹង ការប្តេជ្ញាចិត្ត និងគុណតម្លៃរបស់រៀមច្បង ជាមួយនឹងភាពច្នៃប្រឌិត ថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរបស់យុវជន»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានប្រកាសថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹង៖
* បន្តរៀបចំ វគ្គបណ្ដុះបណ្ដាល AI កម្រិតខ្ពស់ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ.
* ពង្រីកការបណ្ដុះបណ្ដាល AI ដល់ មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន និងក្រុមអ្នកសារព័ត៌មាន
* ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួង ប.ទ.»
រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានឲ្យដឹងថា ការគិតគូររៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺត្រឹមត្រូវ និងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកំណត់យក «បច្ចេកវិទ្យាឌីជីថល» ជាស្នូល និងជាយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន និងស្របទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងគឺ «ការកសាងមូលធនមនុស្សឌីជីថលក្នុងវិស័យសាធារណៈ» ដើម្បីធានាឱ្យបាននូវការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ភាពលឿនរហ័ស ងាយស្រួល ការចំណាយតិច និងមានតម្លាភាព៕

















