ប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យស្ដុកសាច់បង្កកគ្រប់ប្រភេទនាំចូលពីថៃ ចំនួន៥១ទីតាំងនៅភ្នំពេញ ឃាត់ខ្លួនមនុស្ស៤នាក់
12-06-2026 14:14
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scam ដោយបានរកឃើញចំនួន៣ករណី និងការចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យ ដែលបាននាំចូលស្តុក និងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទពីប្រទេសថៃ ចំនួន៥១ទីតាំង រកឃើញឃ្លាំង និងសិប្បកម្មចំនួន៤កន្លែង នាំចូលទំនិញទាំងនេះ ពីប្រទេសថៃ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង, កម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីតំណាងអយ្យការ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យនាំចូល ស្តុក និងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទ ពីប្រទេសថៃ សរុប៥១ទីតាំង។
ក្នុងចំណោមទីតាំងទាំងអស់នេះ កម្លាំងចម្រុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្ម ចំនួន៤កន្លែង នៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ មានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ។ ក្រុមការងារបានសម្រេចបិទទីតាំងទាំងនោះបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងអនុវត្តទៅតាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ លោកស្រីថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តឃ្លាំមើល និងចុះពិនិត្យគ្រប់ឃ្លាំង និងទីតាំងស្តុកផលិតផលទាំងអស់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណារកឲ្យឃើញនូវការលួចនាំចូល ស្តុកទុក និងចែកចាយសាច់បង្កកពីប្រទេសថៃ។
ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង បានចុះត្រួតពិនិត្យតាមទីតាំងអគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានចំនួន៨៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៥២០នាក់ (ស្រី១៧៨នាក់) ពុំមានលិខិតឆ្លងដែន៣នាក់។
ក្នុងនោះក្រុម ការងារបានរកឃើញពាក់ព័ន្ធប្រព្រឹត្ត បទល្មើស Online Scams ៣ករណី រួមមាន៖
*នៅផ្ទះលេខ១០៦ ផ្លូវលេខ៩ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៥នាក់ ព្រមទាំងសម្ភារមួយចំនួនរួមមាន៖ ទូរស័ព្ទចំនួន ២១គ្រឿង កុំព្យូទ័រ (Laptop) ចំនួន ០១គ្រឿង លិខិតឆ្លងដែន ជនជាតិចិនចំនួន០២ក្បាល។
*នៅផ្ទះលេខ០៧ ផ្លូវលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បុរីពិភពថ្មី ផ្លូវជាតិលេខ៣ ដោយបានឃាត់ខ្លួន ជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៩នាក់ (ពុំមានលិខិតឆ្លងដែន៣នាក់) ព្រមទាំងសម្ភារមួយចំនួន រួមមាន៖ ទូរស័ព្ទចំនួន ២៦គ្រឿង ក្ដាចុច (Keyboard) ចំនួន ០៣គ្រឿង ស៊ីមកាតបរទេសមិនទាន់ប្រើ (នៅថ្មី) ចំនួន៣៣ស៊ីម ស៊ីមកាត បរទេសប្រើប្រាស់រួចចំនួន១៩ស៊ីម កុំព្យូទ័រ (Laptop) ចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
*អគារខុនដូ ដឺខាសហ្សលរ៉ូយ៉ាល់ (DE CASTLE ROYAL) ស្ថិតនៅអគារ៣៤ ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៅជាន់ទី១៣ (បន្ទប់លេខ១៣០៩) ជាន់ទី១១ (បន្ទប់លេខ១១០៩) ជាន់ទី៦ (បន្ទប់លេខ៦០៥) ដោយបានឃាត់ខ្លួនជន ជាតិវៀតណាម១០នាក់ ព្រមទាំង សម្ភារមួយចំនួន រួមមាន៖ ទូរស័ព្ទ ២៨គ្រឿង កុំព្យូទ័រ AllIn one ២គ្រឿង Laptop ១៣គ្រឿង Tablet ១គ្រឿង និងស៊ីមកាតមួយចំនួន។
យោងតាមការធ្វើកោសល្យវិច័្ចយរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើសម្ភារជាកុំព្យូទ័រ និងទូរស័ព្ទ បានសន្និដ្ឋានបានថា ទីតាំងខាងលើ មានជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams។
ជនសង្ស័យ និងសម្ភារខាងលើត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ ចំពោះទីតាំងផ្ទះ និងបន្ទប់ខាងលើ ក្រុមការងារបានសម្រេចបិទជាបណ្ដោះអាសន្ន។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន៣ទីតាំង មនុស្សចំនួន៨នាក់ គិតជាថវិកាសរុបបានចំនួន៣២,០០០,០០០រៀល (សាមសិបពីរលានរៀល)៕




















































































