រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បង្ហាញលទ្ធផលផ្លែផ្កា នៃការដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់

12-06-2026 14:20

(ភ្នំពេញ)៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងការឆ្លើយតប និងដោះស្រាយរាល់សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងមានប្រសិទ្ធភាព។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោមវត្តមានលោក ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក អ៉ិត ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍ជ័យ ព្រមទាំងសមាជិកក្រុមការងាររាជរដ្ឋាភិបាល លោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ ខណ្ឌ-សង្កាត់លោក លោកស្រីជាអភិបាលរង អធិការ មេបញ្ជាការកងរាជអាវុធហត្ថ លោកលោកស្រីមន្ត្រីរាជការជុំវិញខណ្ឌនិងនិងប្រជាពលរដ្ឋចូលរួមជាង ៦០០ នាក់ទូទាំងខណ្ឌ។

យោងតាមរបាយការណ៍សង្ខេប រួមមាន៖

១៖ ការងារសេវាសាធារណៈ និងអត្រានុកូលដ្ឋាន។ ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខណ្ឌបានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដោយសម្រេចបានលទ្ធផល៖
ការងារលិខិតស្នាម៖ ចេញសេចក្តីសម្រេចបាន ១៦ច្បាប់, លិខិតរដ្ឋបាល ៣,៥២០ច្បាប់ និងលិខិតចូល-ចេញចំនួន ១,៦០៣ច្បាប់។ អត្រានុកូលដ្ឋាន៖ ផ្តល់សៀវភៅសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាពសរុបរាប់ពាន់ច្បាប់ជូនពលរដ្ឋ។ការដោះស្រាយវិវាទ៖ ទទួលដោះស្រាយសំណុំរឿងសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការបានចំនួន ៣៤ករណី (សម្រុះសម្រួលជោគជ័យ ១៣ករណី) ក្នុងនោះរួមមាន វិវាទដីធ្លី ទំនាស់គ្រួសារ និងការបំពានកិច្ចសន្យាផ្សេងៗ។

២៖ វឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង រដ្ឋបាលខណ្ឌបានអនុវត្តគម្រោងអភិវឌ្ឍន៍រូបវន្តយ៉ាងសកម្ម៖

គម្រោងឆ្នាំ២០២៥៖ បានស្ថាបនាផ្លូវបេតុងឆ្អឹងដែកចំនួន ១១ខ្សែ (ប្រវែងសរុប ៣,៥៣១ ម៉ែត្រ) នៅតាមសង្កាត់នានាដូចជា សង្កាត់ត្រពាំងក្រសាំង សំរោងក្រោម ចោមចៅទី១ ចោមចៅទី២ និងកាកាបទី១។ ព្រមទាំងបានស្តារ និងដាក់ប្រព័ន្ធលូប្រវែង ៣២១ ម៉ែត្រ។ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់៖ បានជួសជុលផ្លូវបេតុងអាមេ និងដាក់ប្រព័ន្ធលូជាច្រើនខ្សែបន្ថែមទៀតនៅក្នុងសង្កាត់ទាំង៧ នៃខណ្ឌពោធិ៍សែនជ័យ។
ទិសដៅគម្រោងឆ្នាំ២០២៦៖ រដ្ឋបាលខណ្ឌបាននិងកំពុងបន្តរៀបចំគម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែកចំនួន ០២ខ្សែ និងគម្រោងដាក់ប្រព័ន្ធលូធំៗចំនួន ០៤ខ្សែ បន្ថែមទៀត ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

៣៖ ការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមផ្ទាល់របស់ពលរដ្ឋនៅក្នុងវេទិកានេះ រដ្ឋបាលខណ្ឌបានលើកយកបញ្ហាចម្បងៗដែលប្រជាពលរដ្ឋបានស្នើសុំមកដោះស្រាយជាបន្តបន្ទាប់ រួមមាន៖បញ្ហាអគ្គិសនី និងភ្លើងបំភ្លឺសាធារណៈ៖ បានសហការជាមួយអគ្គិសនីកម្ពុជា ចុះពិនិត្យ និងតបណ្តាញភ្លើងបំភ្លឺផ្លូវ ក៏ដូចជាផ្លាស់ប្តូរអំពូលភ្លើងដែលខូចនៅតាមភូមិ-សង្កាត់មួយចំនួន ដើម្បីធានាសន្តិសុខពេលរាត្រី។
បញ្ហាបរិស្ថាន និងអនាម័យ៖ បានជំរុញទៅក្រុមហ៊ុនប្រមូលសំរាមឱ្យបង្កើនល្បឿន និងការយកចិត្តទុកដាក់ប្រមូលសំរាមឱ្យបានទាន់ពេលវេលា ចៀសវាងការកកស្ទះ និងធុំក្លិនប៉ះពាល់ដល់សុខភាពសាធារណៈ ជាពិសេសនៅតំបន់ជុំវិញផ្សារទួលពង្រ។

ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ បានចុះល្បាត និងមានវិធានការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើងក្នុងមូលដ្ឋានជារៀងរាល់ថ្ងៃ។ជាទីបញ្ចប់ របាយការណ៍បានបញ្ជាក់ថា រាល់សំណើ ឬសំណូមពរដែលនៅសេសសល់ មិនទាន់បានដោះស្រាយ រដ្ឋបាលខណ្ឌបានបូកសរុប និងបញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខណ្ឌ និងសង្កាត់ រីឯសំណើខ្លះទៀតដែលហួសពីសមត្ថកិច្ច ត្រូវបានបញ្ជូនទៅថ្នាក់ជាតិ និងមន្ទីរជំនាញពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត៕