អាជ្ញាធរស្រុកអង្គស្នួល ខេត្តកណ្ដាល រៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមបណ្តាផ្លូវសំខាន់ៗ ក្រោយពលរដ្ឋរំលោភយកដីសាធារណៈធ្វើអាជីវកម្ម
12-06-2026 14:39
(កណ្ដាល)៖ លោក សេង ណារ័ត្ន អភិបាលរងស្រុក តំណាងលោក នូ សុវណ្ណរិទ្ធ អភិបាលស្រុក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ការិយាល័យចំណុះសាលាស្រុក និងកងកម្លាំងប្រដាប់អាវុធ ចុះផ្សព្វផ្សាយ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តាផ្លូវសំខាន់ៗ ក្រោយពលរដ្ឋយកចំណីផ្លូវសាធារណៈលក់ដូរយ៉ាងអណាធិបតេយ្យ។
សកម្មភាពនេះបានធ្វើឡើងនៅលើខ្សែផ្លូវសំខាន់ៗ រួមមាន ផ្លូវកៅស៊ូពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ពានប្រាំបីមុំ (ឃុំក្រាំងម្កាក់) រហូតដល់ព្រំប្រទល់ស្រុកកណ្តាលស្ទឹង និងផ្លូវបេតុងពីក្លោងទ្វារវត្តប្រាសាទ ឆ្ពោះទៅផ្លូវរថភ្លើងចាស់ (ឃុំឆក់ឈើនាង)។
លោក សេង ណារ័ត្ន ឲ្យដឹងថា គោលបំណងនៃការចុះរៀបចំនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព ធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយការរំលោភយកចំណីផ្លូវសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ។
លោកតំណាងឲ្យអភិបាលស្រុក សំណូមពរពលរដ្ឋ សូមចូលរួមទាំងអស់គ្នា និងបញ្ឈប់រាល់ការរំលោភយកដីចំណីផ្លូវធ្វើអាជីវកម្ម ដើម្បីមុខមាត់ស្រុកអង្គស្នួល៕












