រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងអភិបាលខេត្តកំពង់ឆ្នាំង បើកការដ្ឋានជួសជុលផ្លូវ ១ខ្សែ និងស្ពាន ១កន្លែង នៅស្រុកទឹកផុស

12-06-2026 14:45

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាង លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារជួសជុល និងស្ដារឡើងវិញផ្លូវក្រាលដីល្បាញគ្រួសចំនួន ១ខ្សែ មានប្រវែង ៥.៧៥គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ព្រមទាំងស្ថាបនាស្ពានបេតុង ១ន្លែង មានប្រវែង ១៨ម៉ែត្រ និងសំណង់សិល្បការ្យនានា ស្ថិតក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះដែរ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងថា ការបើកការដ្ឋានសាងសង់ផ្លូវ និងស្ពាននៅថ្ងៃនេះ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុករបស់ប្រជាពលរដ្ឋជាអាទិភាព។ រាជរដ្ឋាភិបាលមិនផ្ដោតតែការអភិវឌ្ឍនៅទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែបានបន្តពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់ទីកន្លែងទទួលបានសមិទ្ធផលជាច្រើនដែលជាក្តីសង្ឃឹមក្នុងការកសាងជីវភាពប្រចាំថ្ងៃ។

លោកបណ្ឌិតបានបញ្ជាក់ថា ផ្លូវ ១ខ្សែ និងស្ពាន ១កន្លែង មិនមែនគ្រាន់តែជាសំណង់ប៉ុណ្ណេះទេ ប៉ុន្តែជាសរសៃឈាមសេដ្ឋកិច្ចដែលនឹងជួយសម្រួលការធ្វើដំណើរការដឹកជញ្ជូនកសិផលការប្រកបរបរចិញ្ចឹមជីវិត និងការទទួលបានសេវាអប់រំ និងសុខាភិបាលរបស់ប្រជាពលរដ្ឋ។ នេះជាសមិទ្ធផលដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិពីទីក្រុងរហូតដល់ទីជនបទ៕