មន្ទីរសុខាភិបាលខេត្តព្រះវិហារ បើកយុទ្ធនាការផ្សព្វផ្សាយអាហាររូបត្ថម្ភមាតា ទារក និងកុមារតូច ក្រោមប្រធានបទ «ថែកូនយើង» ចាប់តាំងពីទារកចាប់កំណើតក្នុងផ្ទៃមាតា រហូតដល់កុមារមានអាយុ២ឆ្នាំ

12-06-2026 14:50

(ព្រះវិហារ)៖ អនុវត្តន៍តាមការណែនាំពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានសហការជាមួយមណ្ឌលសុខភាពឆែប និងក្រុមការងារពាក់ព័ន្ធ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីអាហាររូបត្ថម្ភមាតា ទារក និងកុមារតូច នៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ក្រោមប្រធានបទ «ថែកូនយើង» ដោយផ្តោតសំខាន់លើការយល់ដឹងអំពីសារៈសំខាន់នៃ ១ ០០០ថ្ងៃដំបូងនៃជីវិត ចាប់តាំងពីទារកចាប់កំណើតក្នុងផ្ទៃមាតា រហូតដល់កុមារមានអាយុ ២ឆ្នាំ។

កម្មវិធីនេះត្រូវបានគាំទ្រដោយគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា (Cambodia Nutrition Project-CNP) ប្រចាំខេត្តព្រះវិហារ ក្នុងគោលបំណងលើកកម្ពស់សុខភាព និងអាហាររូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ មាតាបំបៅដោះកូន និងកុមារតូច ដើម្បីចូលរួមកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ និងជំរុញការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារ។

ក្នុងនាមលោកវេបណ្ឌិត គួង ឡូ ក្រុមការងារបានថ្លែងណែនាំដល់អាជ្ញាធរមូលដ្ឋាន បុគ្គលិកសុខាភិបាល និងមាតាបិតាទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាពមាតា និងកុមារ ជាពិសេសក្នុងអំឡុងពេល ១ ០០០ថ្ងៃដំបូងនៃជីវិត ដែលជាដំណាក់កាលមាសសម្រាប់ការអភិវឌ្ឍរាងកាយ និងខួរក្បាលរបស់កុមារ។

ក្រុមការងារក៏បានលើកឡើងថា៖ «ការផ្តល់អាហារដែលមានគុណភាព និងសម្បូរបែប ការពិនិត្យផ្ទៃពោះជាប្រចាំ ការសម្រាលកូនដោយសុវត្ថិភាព ការបំបៅដោះម្តាយតែមួយមុខក្នុងរយៈពេល៦ខែដំបូង និងការផ្តល់អាហារបន្ថែមត្រឹមត្រូវតាមវ័យ គឺជាកត្តាសំខាន់ក្នុងការធានាឱ្យកុមារលូតលាស់បានល្អ មានភាពឆ្លាតវៃ និងមានសុខភាពរឹងមាំ»

ក្រុមការងារក៏បានអំពាវនាវដល់មាតាបិតា និងអ្នកថែទាំកុមារទាំងអស់ ឱ្យចូលរួមអនុវត្តសារគន្លឹះអាហាររូបត្ថម្ភ និងអនាម័យឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងនាំកុមារមកទទួលសេវាសុខាភិបាល និងការចាក់វ៉ាក់សាំងតាមកាលវិភាគ ដើម្បីការពារជំងឺ និងធានាការលូតលាស់ប្រកបដោយគុណភាព។

យុទ្ធនាការនេះបានផ្តល់នូវចំណេះដឹងសំខាន់ៗដល់ប្រជាពលរដ្ឋអំពីការថែទាំសុខភាពមាតា ទារក និងកុមារតូច ដោយរំពឹងថានឹងរួមចំណែកលើកកម្ពស់ស្ថានភាពអាហាររូបត្ថម្ភ និងសុខុមាលភាពរបស់កុមារនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង៕