នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ អំពាវនាវឱ្យវិស័យឯកជន និងវិស័យសាធារណៈ ពិនិត្យលទ្ធភាពប្រើប្រាស់សេវាកម្មនៅទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ តាមតម្រូវការរៀងៗខ្លួន

12-06-2026 15:10

(ភ្នំពេញ)៖ ក្នុងគោលដៅថែរក្សាពហុកីឡដ្ឋានជាតិមរតកតេជោ ឱ្យបានយូរអង្វែងតជំនាន់ទៅខាងមុខទៀត ព្រមទាំងធ្វើការអភិវឌ្ឍបន្ថែមតាមការចាំបាច់ ស្របតាមអភិក្រមរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គឺ «ពហុកីឡដ្ឋានជាតិ ចិញ្ចឹមពហុកីឡដ្ឋានជាតិ» សំដៅធានានិរន្តរភាពថវិកា និងកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋ, លោក សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ បានអំពាវនាវដល់វិស័យឯកជន និងវិស័យសាធារណៈ ពិនិត្យលទ្ធភាពប្រើប្រាស់ទីតាំងរបស់ពហុកីឡដ្ឋានជាតិមរតកតេជោ តាមតម្រូវការរៀងៗខ្លួន សម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា ក្នុងតម្លៃសេវាកម្មយ៉ាងពិសេស ឬអាចធ្វើជាដៃសហការជាមួយពហុកីឡដ្ឋានជាតិ។

លោក សេង តុលា បានអំពាវនាវដូចនេះ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះនាឱកាសតំណាងលោកបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយពីសក្ដានុពលនៃហេដ្ឋារចនាសម្ព័ន្ធពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចួលរួមពី អ្នកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រី ជាតំណាងក្រុមហ៊ុន លោក លោកស្រី ជាថ្នាក់ដឹកនាំពហុកីឡដ្ឋានជាតិប្រមាណជិត ១០០នាក់ផងដែរ។

លោកនាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ បានបញ្ជាក់ដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានចាត់ទុកជាសមិទ្ធផលដ៏ធំស្កឹមស្កៃ និងជាសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជាមួយ ក្នុងយុគសម័យទំនើប សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្ដិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីឆ្នាំ ២០២៣។ ភាពជោគជ័យដ៏ត្រចះត្រចង់នៃមហាព្រឹត្ដិការណ៍នាពេលនោះ គឺជាមោទនភាពរបស់កម្ពុជា ដែលបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលស្ញើចសរសើរអំពីសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងមូល និងបានលើកមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិឱ្យខ្ពស់ត្រដែតបន្ថែមទៀត។

ដើម្បីថែរក្សាមរតកដ៏ថ្លៃថ្លា ដែលសម្តេចតេជោបានផ្តល់ជូនជាតិ និងប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើត «ពហុកីឡដ្ឋានជាតិ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ និងឈានទៅគ្រប់គ្រងពហុកីឡដ្ឋានជាតិអូឡាំពិក នាពេលខាងមុខ។

លោក សេង តុលា បានបន្ថែមថា យន្តការថ្មីនេះបានផ្តល់នូវស្វ័យភាព និងលទ្ធភាពពេញលេញក្នុងការគ្រប់គ្រង ចាត់ចែងផ្តល់សេវាឆាប់រហ័ស មានប្រសិទ្ធភាព និងធ្វើសកម្មភាពពាណិជ្ជកម្ម ដើម្បីកៀរគរចំណូលឱ្យអស់សក្តានុពល ដើម្បីបម្រើឱ្យការងារថែទាំ ជួសជុលសម្រាប់ការប្រើប្រាស់យូរអង្វែងតជំនាន់ទៅខាងមុខទៀត ព្រមទាំងធ្វើការអភិវឌ្ឍបន្ថែមតាមការចាំបាច់ ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺថា «ពហុកីឡដ្ឋានជាតិ ចិញ្ចឹមពហុកីឡដ្ឋានជាតិ» សំដៅធានានិរន្តរភាពថវិកា និងកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋ។

ជាក្ខុវិស័យទៅមុខពហុកីឡដ្ឋានជាតិជា មិនត្រឹមតែជាទីតាំងសម្រាប់រៀបចំការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែទីនេះគឺជាមជ្ឈមណ្ឌលសេវាកម្មពហុបំណង (Multi-function Service Hub) ដែលមានលទ្ធភាពខ្ពស់ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ និងកម្មវិធី គ្រប់កម្រិត មានអាទិ៍ព្រឹត្តិការណ៍កីឡា៖ ការប្រកួតកីឡាលំដាប់ជាតិ និងអន្តរជាតិគ្រប់ទម្រង់។ កម្មវិធីកម្សាន្ត៖ ការប្រគំតន្ត្រីកម្រិតជាតិ/ អន្តរជាតិ និងកម្មវិធីសិល្បៈ វប្បធម៌ធំៗ។ ព្រឹត្តិការណ៍ធុរកិច្ច៖ ការតាំងពិព័រណ៍ពាណិជ្ជកម្ម សន្និសីទ និងសិក្ខាសាលាអាជីវកម្ម គ្រប់ប្រភេទ និងគ្រប់កម្រិត។ កម្មវិធីសាជីវកម្ម៖ ការរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ (Annual Retreat) និងការប្រកួតកីឡាសាមគ្គីរបស់ក្រុមហ៊ុនឯកជនផងដែរ។

លោកបញ្ជាក់ជូនថា គ្រឹះស្ថានពហុកីឡដ្ឋានជាតិ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតលើគុណភាពសេវាកម្ម និងទីតាំង, ការរៀបចំបរិស្ថាន, អនាម័យ, សុវត្ថិភាព និងសន្តិសុខ ដើម្បីឱ្យប្រាកដថា រាល់ការរៀបចំកម្មវិធី និងព្រឹត្ដិការណ៍នៅពហុកីឡដ្ឋានជាតិនឹងប្រព្រឹត្ដិទៅដោយរលូន និងទទួលបានជោគជ័យ តាមការរំពឹង។ វិស័យឯកជន ត្រូវបានចាត់ទុកជាដៃគូ ដ៏សំខាន់មួយដែលមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយនឹងសក្តានុពលដ៏សំបើមនៃហេដ្ឋារចនាសម័្ពន្ធ លោកនាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ ក៏បានអំពាវនាវដល់វិស័យឯកជន និងវិស័យសាធារណៈ សូមពិនិត្យលទ្ធភាពប្រើប្រាស់ទីតាំងរបស់ពហុកីឡដ្ឋានជាតិមរតកតេជោ តាមតម្រូវការរៀងៗខ្លួនសម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា ឬអាចធ្វើជាដៃសហការជាមួយពហុកីឡដ្ឋានជាតិក៏បាន៕