អភិបាលស្រុកមុខកំពូល ខេត្តកណ្តាល បញ្ជាឲ្យផ្អាកបន្ទាន់សំណង់សង់លយចូលទន្លេមេគង្គមួយកន្លែង ក្រោយម្ចាស់នៅតែលួចសាងសង់

12-06-2026 15:33

(កណ្ដាល)៖ សំណង់អត់ច្បាប់មួយកន្លែងនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលម្ចាស់បានសង់សំណង់រឹងមាំលយចូលទន្លេមេគង្គ ត្រូវបានលោក យី យ៉េន អភិបាលស្រុក បញ្ជាឲ្យផ្អាកបន្ទាន់។ តែទោះមានការបញ្ជាបែបនេះ ក៏ម្ចាស់សំណង់នៅតែលួចលាក់សាងសង់ដដែល ដោយមិនទៅសុំច្បាប់នោះទេ។

លោក យី យ៉េន ថ្លែងឲ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា លោកបានឲ្យគេផ្អាកសំណង់នេះហើយ និងបានប្រាប់ឲ្យម្ចាស់ទីតាំងទៅសុំច្បាប់ឲ្យបានត្រឹមត្រូវជាមុនសិន។ ប៉ុន្តែបើតាមប្រភពព័ត៌មានឲ្យដឹងថា ក្រោយអាជ្ញាធរផ្អាក បាន៣ថ្ងៃ ម្ចាស់ទីតាំងនេះ បានបញ្ជាឲ្យកម្មករសំណង់ លួចលាក់សាងសង់ផ្គើននឹងបញ្ជារបស់អភិបាលស្រុក ព្រោះអាងអំណាចទឹកលុយរបស់ខ្លួន។

ទោះយ៉ាងណាលោក យី យ៉េន ថ្លែងអះអាងថា លោកនឹងបញ្ជាឲ្យក្រុមការងារចុះមើលម្ដងទៀតចំពោះទង្វើគគ្លើនមួយនេះ៕