រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)»
12-06-2026 15:36
(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)» ក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីឧទ្យានុរក្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីរួមគ្នាបង្ហាញពីការប្តេជ្ញាចិត្តក្នុងការការពារ និងអភិរក្សបរិស្ថានឱ្យកាន់តែប្រសើរឡើង។
ថ្លែងនៅក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានលើកឡើងថា «ប្រធានបទ សំណល់សូន្យ (Zero Waste) មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែជាការអំពាវនាវឱ្យយើងទាំងអស់គ្នាផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្រាស់ កាត់បន្ថយ កែច្នៃ និងគ្រប់គ្រងសំណល់ឱ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកថែរក្សាបរិស្ថាន សុខភាពសាធារណៈ និងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ»។
លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងបន្តថា ការដោះស្រាយបញ្ហាសំណល់រឹង និងសំណល់ប្លាស្ទិក គឺជាការងាររួមដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចាប់ពីស្ថាប័នរដ្ឋ វិស័យឯកជន សាលារៀន សហគមន៍ រហូតដល់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈការអនុវត្តគោលការណ៍ «កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ» ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសយុវជន និងសិស្សានុសិស្ស ឱ្យបន្តចូលរួមសកម្មភាពអនាម័យបរិស្ថាន ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការចូលរួមដាំដើមឈើ ដើម្បីធ្វើឱ្យខេត្តព្រះវិហារកាន់តែមានភាពស្អាត បៃតង និងប្រកបដោយចីរភាព។
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមពីសាធារណជនក្នុងការការពារបរិស្ថាន កាត់បន្ថយសំណល់ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
































