រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងថវិកាឆ្នាំ២០២៧របស់ក្រសួងទេសចរណ៍
12-06-2026 15:38
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងថវិកាឆ្នាំ២០២៧ ក្នុងគោលបំណងពិនិត្យនិងពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងផែនការថវិកាឆ្នាំ២០២៧ របស់ក្រសួងទេសចរណ៍។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកស្រីនាយិកាវិទ្យាស្ថាន អគ្គនាយកនៃអគ្គនាយកដ្ឋានទាំង៣ លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រសួងទេសចរណ៍សរុប ៥២នាក់។
រដ្ឋមន្ត្រី ហួត ហាក់ លើកឡើងថា យោងសារាចរលេខ ០៦ សរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបន្តផ្តោតជាសំខាន់លើការបន្តពង្រឹងស័ក្តិសិទ្ធភាពថវិកា, ទាំងកម្រិតវិភាជន៍ និងកម្រិតប្រតិបត្តិការ, តាមរយៈការបន្តធ្វើអាទិភាវូបនីយកម្មចំណាយ ដោយក្នុងនោះក្របខ័ណ្ឌចំណាយសាធារណៈ នឹងត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសធនធានទៅកាន់មុខសញ្ញាដែលជាអាទិភាពសំខាន់ៗចំពោះមុខ។
ក្នុងន័យនេះ ការតម្រង់ទិសថវិកាមានសារៈសំខាន់ ដែលត្រូវជ្រើសរើសសកម្មភាពអាទិភាព, មានសូចនាករច្បាស់លាស់ និងចំគោលដៅ ដោយបន្ស៊ីជាមួយកម្មវិធីនយោបាយ, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, គោលនយោបាយ, យុទ្ធសាស្ត្រ និងផែនការគន្លឹះនានា ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍៕














