មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពសក្តានុពល វឌ្ឍនភាពនៃការគ្រប់គ្រងការងារ​សហគមន៍នេសាទព្រៃនប់២ ខេត្តព្រះសីហនុ

12-06-2026 15:39

(ព្រះសីហនុ)៖ លោក ទឹម បូរក្ស អនុរដ្ឋលេខា​ធិកា​រ តំណាងលោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារជំនាញ​នៃអគ្គ​នាយកដ្ឋានជលផល តំណាងមន្ទីរកសិកម្មខេត្តព្រះសីហនុ និងខណ្ឌ​រដ្ឋបាលជលផលកំពង់សោម ចុះពិនិត្យស្ថានភាពសក្តានុពល វឌ្ឍនភាព​​នៃ​ការគ្រប់គ្រង បញ្ហាប្រឈម និងសំណូមពររបស់​សហគមន៍​នេសាទព្រៃនប់២ ស្ថិតនៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដំណើរចុះពិនិត្យនេះ មានការចូលរួមពីលោក ស៊ូ ហ្សូត្រា អនុប្រធាន​នាយក​ដ្ឋាននៃអគ្គនាយកដ្ឋានជលផល និងលោក អ៊ុក សំអន នាយ​សង្កាត់​រដ្ឋបាលជលផលកំពង់ស្មាច់ ជាតំណាងមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងខណ្ឌរដ្ឋបាល​ជលផល​កំពង់សោម អាជ្ញាធរឃុំ ភូមិ គណៈកម្មការសហគមន៍នេសាទ​ព្រៃនប់២ និងអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា CNRO។

គោលបំណងនៃដំណើរចុះពិនិត្យ ដើម្បីស្វែងយល់ក្តាប់ស្ថានភាព​លទ្ធ​ផលការងារ ដែលសហគមន៍នេសាទបានអនុវត្ត លើសពីនេះ​ទៀត​ឃុំបានសហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើស​នេសាទ​ដូចជា៖ ការនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ ទូកឌុន ទូកអូសគ្រែងឈាមជាដើម។ ក្រៅពីនេះក៏មានអ្នកកាប់អុស​ព្រៃកោង​កាង ដោយបានណែនាំឱ្យបញ្ឈប់សកម្មភាពនោះ។

គួរបញ្ជាក់ថា ស្ថានភាពធនធានជលផល ជាសក្តានុពល​នៅក្នុងកន្លែង​សហគមន៍នេសាទព្រៃនប់២ ដែលអំណោយផល​សម្រាប់​​ការ​ធ្វើ​វារីវប្បកម្ម ទេសចរណ៍ជលផល ដោយសារមានព្រៃកោងកាង កោះ​កោងកាង វាលភក់ ស្មៅសមុទ្រ សារាយសមុទ្រ ឆ្នេរខ្សាច់ និងមានជីវ​ចម្រុៈដូចជា៖ គ្រែងឈាម គ្រំចំពុះទា ងាវភក់ សត្វផ្សោត សត្វស្លាប​ផងដែរ៕