បង្ក្រាបទីតាំង Scam Online នៅស្រុកមុខកំពូល ខេត្តកណ្ដាល, ចាប់ជនជាតិចិន៩នាក់ ដកហូតរថយន្ត និងសម្ភារមួយចំនួនធំ

12-06-2026 15:43

(កណ្ដាល)៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងបង្កប់ Scam Online នៅទីតាំងផ្ទះវីឡាលេខ០០៩ ផ្លូវលេខ៥ បុរីអាម៉ូរី៧មករា ស្ថិតនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦ ដោយឃាត់ខ្លួនជនជាតិចិនបាន៩នាក់, ទូរស័ព្ទដៃ ចំនួន ៩៦គ្រឿង, កុំព្យូទ័រលើតុ ចំនួន ៤គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៤គ្រឿង និងរថយន្តម៉ាក Ford pick up ពណ៌ស ១គ្រឿង ស្លាក 2CI -3321។

ប្រតិបត្តិការនេះដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល សម្របសម្រួលនីតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងខេត្ត និងកម្លាំងសហការជាច្រើននាក់ផ្សេងទៀត។

លោក ហាក់ សុខមករា ឲ្យដឹងថា ជនជាតិចិនទាំងនេះពិតជាបានប្រព្រឹត្តិបទល្មើស Scam Online។ ទាំងមនុស្ស និងសម្ភារត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិ។

សូមជម្រាបថា ជនជាតិចិនទាំង៩នាក់ រួមមាន៖

*ទី១៖ ឈ្មោះ TIE XIN LONG អាយុ២៦ឆ្នាំ កាន់លិខិតឆ្លងដែនក្លែងក្លាយលេខ: ED1368736
*ទី២៖ ឈ្មោះ LIANG GUO BING អាយុ២២ឆ្នាំ មិនមានលិខិតឆ្លងដែន
*ទី៣៖ ឈ្មោះ HUANG YONG SHENG អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EJ8647253
*ទី៤៖ ឈ្មោះ LEI SHENG អាយុ២៧ឆ្នាំ មិនមានលិខិតឆ្លងដែន
*ទី៥៖ ឈ្មោះ YING JIN BO អាយុ៣៥ឆ្នាំ មិនមានលិខិតឆ្លងដែន
*ទី៦៖ ឈ្មោះ YANG YU អាយុ២៧ឆ្នាំ មិនមានលិខិតឆ្លងដែន
*ទី៧៖ ឈ្មោះ LI YING CHUAN អាយុ៣៧ឆ្នាំ កាន់លិខិតឆ្លងដែនក្លែងក្លាយលេខ: EJ 8919217
*ទី៨៖ ឈ្មោះ QING HAO អាយុ២៩ឆ្នាំ មិនមានលិខិតឆ្លងដែន
*ទី៩៖ ឈ្មោះ TING GUO WEN អាយុ៤៤ឆ្នាំ មិនមានលិខិតឆ្លងដែន។

តាមសេចក្តីរាយការណ៍, ជនបរទេខាងលើមកជួលស្នាក់នៅកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ កម្លាំងសមត្ថកិច្ចជំនាញបានឆែក Computer រកឃើញថាពួកគេបានប្រព្រឹត្តបទល្មើសចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដោយឆបោកទៅកាន់ប្រទេសចិន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ឱ្យជំនាញស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត។ ចំណែកផ្ទះវីឡា ត្រូវបានបិតឃ្លុំជាបណ្តោះអាសន្ន៕