មន្ទីរព័ត៌មានខេត្តតាកែវ បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដោយផ្ដោតទៅលើយុវជន
12-06-2026 15:45
(តាកែវ)៖ មន្ទីរព័ត៌មានខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាប់ផ្ដើមបើកយុទ្ធនាការ «និយាយថាទេចំពោះពត៌មានក្លែងក្លាយ» ជំហានទី២ ដោយផ្ដោតជាចម្បងទៅលើយុវជន។ យុទ្ធនាការនេះបានរៀបចំធ្វើឡើងនៅវិទ្យាល័យជា ស៊ីម តាកែវ ដែលស្ថិតក្នុងក្រុងក្រុងដូនកែវ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងពត៌មាន លោកអភិបាលរងខេត្តតាកែវ មន្រ្តីពាក់ព័ន្ធនិងសិស្សានុសិស្សចូលរួមជាង ១ពាន់នាក់ផងដែរ។
លោក ម៉ម កាយ អភិបាលរងខេត្តតាកែវ បានចាត់ទុកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នេះ ពិតជាមានសារៈសំខាន់ខ្លាំង ណាស់ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និងបណ្តាញទំនាក់ទំនងសង្គមកំពុងរីកចម្រើនយ៉ាង ឆាប់រហ័ស។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សានុសិស្ស អាចទទួលបាន ព័ត៌មានលឿន រហស័ស ងាយស្រួល និងទូលំទូលាយជាងពេលណាៗទាំងអស់។ នេះជាឱកាសដ៏ ល្អសម្រាប់ការសិក្សា ស្រាវជ្រាវ ការទំនាក់ទំនង និងការអភិវឌ្ឍចំណេះដឹង។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពត៌ មានបានលើកឡើងថា បច្ចុប្បន្ននេះយើងកំពុងតែរស់នៅជាមួយពិភពឌីជីថល ដែលក្នុងនោះយុវ័យរបស់យើងប្រមាណ ៥៩ភាគរយប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក Face Book និង៣៥ភាគរយប្រើប្រាស់ទិកតុ TikTok ក្នុងចំណោមប្រជាពលរដ្ឋជាង ១៧លាននាក់។ ការប្រើប្រាស់បណ្ដាញសង្គមដ៏ច្រើននេះវាប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់ប្រសើនបើយើងប្រើវាមិនចំគោលដៅ ឬចែករំលែកពត៌មានក្លែងក្លាយ ដូច្នោះសូមយុវជនទាំងអស់ត្រូវប្រើប្រាស់បណ្ដាញសង្គមឲ្យចំគោលដៅដែលបំរើផលប្រយោជដល់ការសិក្សារបស់យើងនិងចូលរួមចំណែករក្សាសណ្ដាប់ធ្នាប់នៅក្នុងសង្គម។
នៅក្នុងឱកាសនោះលោក ទេព អស្នារិទ្ធ បានលើកឡើងផងដែរពីយុទ្ធនាការយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នេះគោលបំណងធំបំផុត គឺពង្រឹងចំណេះដឹងដល់យុវជនទាំងអស់ឲ្យយល់ដឹងពីរបៀបការការពារខ្លួន ការពារសហគមន៍និងគ្រូសារយើងពីផលប៉ះពាល់ដោយសារពត៌មានក្លែងក្លាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ទីកតុ ឬបណ្ដាញសង្គមផ្សេងទៀត៕




















