អង្គការទស្សនៈពិភពលោកអន្តរជាតិ រៀបចំពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី៥៦ឆ្នាំ របស់អង្គការទស្សនៈពិភពលោកកម្ពុជា

12-06-2026 16:05

(កំពង់ឆ្នាំង)៖ នៅសាលាបឋមសិក្សាអាឡែង ស្ថិតក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ អង្គការទស្សនៈពិភពលោកអន្តរជាតិ បានប្រារព្ធទិវាកុមារអន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» ដើម្បីទទួលស្គាល់តម្លៃសិទ្ធិ និងសក្តានុពលរបស់កុមារគ្រប់រូប។ កុមារត្រូវបានចាត់ទុកថា ជាអ្នកដឹកនាំជំនាន់ក្រោយនឹងភ្នាក់ងារផ្លាស់ប្ដូរ ដូច្នេះការធានាសុខមាលភាព ការការពារ និងការចូលរួមមានអត្ថន័យ គឺជាការទទួលខុសត្រូវរួមគ្នារបស់គ្រួសារ សហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាល។

នាឱកាសនោះ អង្គការទស្សនៈពិភពលោក ដែលមានវត្តមាននៅកម្ពុជា និងប្រារព្ធកម្មវិធីអបអរសាទរខួបលើកទី៥៦ឆ្នាំ ដោយលើកទឹកចិត្តកុមារឲ្យបញ្ចេញសំឡេង បង្ហាញទេពកោសល្យ និងសក្តានុពលរបស់ខ្លួន ព្រមទាំងចូលរួមពិភាក្សា បញ្ហាដែលប៉ះពាល់ដល់ជីវិត និងសហគមន៍។ ការពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន សាលារៀនសហគមន៍ និងដៃគូអភិវឌ្ឍន៍ គឺមានគោលបំណងបង្កើតបរិយាកាសសុវត្ថិភាពការគោរព និងការគាំទ្រដល់កុមារ ដើម្បីឲ្យពួកគេអាចបង្ហាញសក្តានុពលពេញលេញ។

ក្នុងពិធីខាងលើនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុករលាប្អៀរ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ប្រធានការិយាល័យជុំវិញស្រុក មេឃុំ ក្រុមប្រឹក្សាឃុំចំនួន ៤ឃុំ ប្រធានមណ្ឌលសុខភាព នាយកនាយិកាសាលា ជាច្រើននៅក្នុងស្រុករលាប្អៀរ។

នៅក្នុងឱកាសនោះលោក សេង វិចិត្រ បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាអធិបតីក្នុងពិធីនេះ។ នាឱកាសនេះដែរ លោកក៏សូមសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះបុគ្គលិកទាំងអស់នៃអង្គការទស្សនៈពិភពលោក អន្តរជាតិ ប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងលើកម្ពស់សិទ្ធិកុមារ និងពិធីអបអរសាទរខួបលើកទី៥៦ឆ្នាំនៃវត្តមានរបស់អង្គការទស្សនៈពិភពលោកនៅប្រទេសកម្ពុជាផងដែរ។

លោកអភិបាលស្រុក បានលើកឡើងឲ្យដឹងទៀតថា ថ្ងៃ១មិថុនា មិនមែនគ្រាន់តែជាថ្ងៃបុណ្យសម្រាប់កុមារបានដើរលេង ឬទទួលកាដូប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរំលឹកដល់ពិភពលោកទាំងមូលជាពិសេសសហគមន៍និងគ្រួសារយើងម្នាក់ៗឲ្យកាន់តែយកចិត្តទុកដាក់បន្ថែមទៀតលើសិទ្ធជាមូលដ្ឋានទាំង៤ របស់កុមារ រួមមាន៖

*១៖ សិទ្ធិរស់រានមានជីវិត គឺទទួលបានការថែទាំសុខភាពនិងអាហាររូបត្ថម្ភគ្រប់គ្រាន់។
*២៖ សិទ្ធិទទួលបានការអភិវឌ្ឍ គឺទទួលការអប់រំរៀនសូត្រ និងការលូតលាស់ទាំងប្រាជ្ញាស្មារតី។
*៣៖ សិទ្ធិទទួលបានការការពារ គឺរួចផុតពីអំពើហិង្សាការកេងប្រវ័ញ្ចនិងការរំលោភបំពានគ្រប់រូបភាព។
*៤៖ សិទ្ធិក្នុងការចូលរួមមានឱកាសក្នុងការសម្ដែងមតិ និងសកម្មភាពសង្គម ដែលសមស្របទៅតាមវ័យ។

ជាចុងក្រោយនៃការថ្លែងទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនាឱកាសនោះ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រពីព្រោះចំណេះដឹង គឺជាអាវុធដ៏មានអំណាចបំផុតសម្រាប់កសាងអនាគតខ្លួនឯងនិងជួយដល់សង្គមគ្រួសារ និងត្រូវធ្វើជាកូនល្អសិស្សល្អ ស្ដាប់បង្គាប់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ និងត្រូវមានសីលធម៌រស់នៅថ្លៃថ្នូរ ត្រូវចៀសវាងអំពីអំពើអបាយមុខ ជាពិសេសគឺត្រូវដើរឲ្យឆ្ងាយពីគ្រឿងញៀន និងកុំសេពគប់ជាមួយមិត្តភក្តិមិនល្អ ដើម្បីកុមារអាចក្លាយជាពលរដ្ឋល្អត្រូវទាមទារឲ្យមានការចូលរួមពីរមាតាបិតាអាណាព្យាបាល។ ចំណែកនៅសាលារៀន គឺមានលោកគ្រូអ្នកគ្រូ និងសហគមន៍ជួយអប់រំណែនាំតម្រង់ទិសដល់កុមារ ដើម្បីឲ្យកុមារគ្រប់រូបក្លាយជាក្មេងល្អ និងមានអនាគតដ៏ត្រចះត្រចង់របស់ក្មួយៗនាថ្ងៃអនាគត៕