ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជំនាញទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
12-06-2026 16:09
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ផែនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
កិច្ចប្រជុំនេះ ធ្វើនៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងសេនាធិការដ្ឋាន តំណាងនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោក-លោកស្រីនាយករងមន្ទីរ ស្នងការរងនគរបាលរាជធានី-ខេត្តទទួលផែនប្រឆាំងគ្រឿងញៀន នាយការិយាល័យជំនាញពាក់ព័ន្ធ និងមន្ត្រីនគរបាលជំនាញសរុបចំនួន ១៥១រូប។
ឧត្តមសេនីយ៏ឯក ឃឹង សារ៉ាត់ បានធ្វើរបាយការណ៍សង្ខេបអំពីសភាពការណ៍ និងលទ្ធផលការងារសំខាន់ៗដែលអនុវត្តបានក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ដោយបានបង្ហាញពីសមិទ្ធផលជាច្រើនក្នុងការបង្ការ បង្ក្រាប និងស្រាវជ្រាវបទល្មើសគ្រឿងញៀន ការបង្រ្កាបបណ្តាញជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធជាតិ និងអន្តរជាតិ ព្រមទាំងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។
ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជំនាញទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសង្គម។
លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងអំពីបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ដែលត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ ព្រមទាំងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ សម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពការងារស៊ើបអង្កេត និងប្រមូលព័ត៌មាន ការបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យបានទាន់ពេលវេលា ការបង្កើនកសាងសមត្ថភាពមន្ត្រីជំនាញ ការពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ក៏បានជំរុញឱ្យគ្រប់អង្គភាពជំនាញបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបន្តអនុវត្តតួនាទីភារកិច្ចប្រកបដោយភាពម្ចាស់ការ ដើម្បីសម្រេចឱ្យបាននូវគោលដៅការងារដែលបានកំណត់ និងរួមចំណែកកាន់តែមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលល្អប្រសើរបន្ថែមទៀត នៅឆមាសទី២ ឆ្នាំ២០២៦៕












