គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ពាក់ព័ន្ធការអនុវត្តន៍ច្បាប់ និងវិស័យយុត្តិធម៌
12-06-2026 16:15
(ស្វាយរៀង)៖ លោក អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងសហការី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តស្វាយរៀងពាក់ព័ន្ធ ការអនុវត្តច្បាប់និងវិស័យយុត្តិធម៌។
កកិច្ចប្រជុំមានការចូលរួមពីលោកលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា បានថ្លែងថា ជាការពិតណាស់ការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ គឺជាផ្នែកមួយដ៏ចម្បងនៅក្នុងដំណើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាកិច្ចការអាទិភាពត្រូវបានកំណត់ដាក់ ចូលទៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់គោលការណ៍អភិបាលកិច្ច និងនីតិរដ្ឋ ដែលជាកត្តាចាំបាច់រួមចំណែកធានាថែរក្សា ស្ថិរភាពសង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
អភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដោយសង្ខេបអំពីស្ថានភាពទូទៅ និងសមិទ្ធផលការងារសំខាន់ៗមួយចំនួន ដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងនោះការងារអនុវត្តច្បាប់ កន្លងមករបស់ រដ្ឋបាលខេត្ត ដែលមានទីចាត់ការអន្តរវិស័យជាសេនាធិការ បានធ្វើការសម្របសម្រួលជាមួយនឹងមន្ទីរ-អង្គភាពជំនាញនានា និងកងកម្លាំងពាក់ព័ន្ធក្នុងការតាមដាន ជំរុញ និងពង្រឹងការអនុវត្តច្បាប់ជាប្រចាំ តាមរយៈយន្តការ នៃការបង្កើតក្រុមការងារ ក្នុងរូបភាពជាគណៈកម្មាធិការ ឬគណៈកម្មការ ការដឹកនាំការងារផ្សព្វផ្សាយ និងអប់រំពីខ្លឹមសារច្បាប់នៅតាមបណ្តាវេទិកាសាធារណៈភូមិ ឃុំ សង្កាត់មានសុវត្ថិភាព វេទិកាសាធារណៈរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ការរៀបចំជាកម្មវិធីសិក្ខាសាលា វគ្គបណ្តុះបណ្តាល ការណែនាំនៅក្នុងកិច្ចប្រជុំនានា រួមនិងការចុះទៅផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តដែល ជាការទទួលខុសត្រូវរបស់មន្ទីរ-អង្គភាពនីមួយៗ។
លោកបន្ថែមថា រដ្ឋបាលខេត្តបានបង្កើតនូវយន្តការដោះស្រាយវិវាទដីធ្លីក្នុងខេត្ត ដោយអោយថ្នាក់ឃុំ សង្កាត់ ប្រើប្រាស់យន្តការគណ:កម្មការដោះស្រាយទំនាស់នៅ ឃុំ សង្កាត់ ថ្នាក់ស្រុកប្រើប្រាស់យន្តការគណ:កម្មការ សុរិយោដីក្រុង ស្រុក ដោយដោះស្រាយនៅការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទនៅមូលដ្ឋាន។ ចំពោះថ្នាក់ខេត្តដោះស្រាយតាមយន្តការគណ:កម្មការរដ្ឋបាលខេត្ត គណៈកម្មការសុរិយោដីរដ្ឋបាលខេត្ត ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីជាដើម។
លោក អង្គ វង្សវឌ្ឍានា បានជម្រាបជូនពីគោលបំណងនៃបេសកកម្មនេះ គឺដើម្បីឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងវង្វង់វិស័យការងារអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធនិងសមត្ថកិច្ចគណ:កម្មការទី៦ នៃរដ្ឋសភា និងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនឯកឧត្តមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបានល្អប្រសើរ។
លោកប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទាំងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋ៕

















