មហាឧបាសក អៀង សុធារ៉ា៖ ពិភពលោកមាន​ទំនាស់គ្នារាល់ថ្ងៃ ដោយសារផ្លូវចិត្តមិននឹងន មានលោភៈ ទោសៈ មោហៈខ្លាំងពេក

12-06-2026 16:22

(ព្រៃវែង)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារ៉ាវី និងជាប្រធានសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន បានថ្លែងថា ពិភព​លោកមាន​ទំនាស់រាល់ថ្ងៃ គឺដោយសារផ្លូវចិត្តមិននឹងន មានលោភៈ ទោសៈ មោហៈខ្លាំងពេក វាធ្វើឲ្យ​ពិ​ភព​លោក​មាន​កា​រទាស់គ្នា ប្រទេសនិងប្រទេសក៏មានការ​ទាស់គ្នា​ដែរ។ ដូច្នេះយើងគួរតែកាត់បន្ថយនូវលោភៈ ទោសៈ​ មោហៈ​ ហួសហេតុនេះចោលទើបមានក្តីសុខទាំងផ្លូវចិត្ត និងផ្លូវកាយ។

ការថ្លែងបែបនេះរបស់លោកគ្រូមហាឧបាសក អៀង សុធារ៉ា ក្នុងឱកាសដែលមហាឧបាសកបានអញ្ជើញធ្វើជាគ្រូបង្គោលក្នុងសិក្ខាសាលា ស្ដីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដល់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទី៧ ឋិតនៅក្នុងរមណីយដ្ឋានភូមិសុខារាវី ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៦។

លោកមហាឧបាសកបានបន្ថែមថា នៅក្នុងកម្មវិធីសិក្ខាសាលានេះ ក៏មានការសមាសមាធិតាមបែបព្រះពុទ្ធសាសនា ដែលដឹកនាំដោយ លោកគ្រូសាស្ត្រាចារ្យនៃសកលវិទ្យាល័យស៊ីហនុរាជ ដែលលោកបដិបតិ្តសមាធិយូរហើយ ហើយនាមរបស់គាត់ គឺលោកគ្រូ នួន ថោង។ ដើម្បីឲ្យផ្លូវចិត្តរឹង​មាំ ហើយកុំចេះ​តែឲ្យតម្លៃទៅលើតែសម្ភារ រហូតដល់ភ្លេចគិតទៅដល់អី្វ​ដែលហៅថាសកម្មភាពផ្លូវចិត្ត ឬការងារផ្លូវចិត្ត ពីព្រោះចិត្ត​វាគ្រប់គ្រងកាយ។

ជាមួយគ្នានេះ មហាឧបាសក អៀង សុធារ៉ា បានសំណូមពរថា ព្រះពុទ្ធសាសនា ជា​សាសនារបស់រដ្ឋ ហើយនៅក្នុងប្រវតិ្តរូបយើងភាគច្រើនជា​អ្នកកាន់ព្រះពុទ្ធ​សាសនា ដូច្នេះសូមសំណូមពរដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវខិតខំរៀនឲ្យបានជ្រៅ​ជ្រះ ខំរៀនឲ្យ​យល់​ឲ្យ​បានច្រើននូវពុទ្ធវចនៈ គឺ​ទស្សនៈ​វិជ្ជា​ដែលមាននៅ​ក្នុងពុទ្ធសាសនា ពីព្រោះថាទស្សនវិជ្ជាក្នុងពុទ្ធ​សាសនានេះធំ​ធេងណាស់ ហើយបើយើងអាចអនុវត្តទៅ​បាន ដោយរួមគ្នា​ជាមួយនឹងចំណេះ បច្ចេកទេសផងដែរ។

លោកបានបន្តថា យើងមាន​ចំ​ណេះ​​បច្ចេកទេសហើយ ឧទាហរណ៍ថា​វិស្វករ ស្ថាបយ្យករ បើ​យើងមានចំណេះផ្នែកពុទ្ធវចនៈ ទស្សនវិជ្ជាពុទ្ធសាសនា​ទៀត វាធ្វើឲ្យម្នាក់ៗ គ្រួសារនីមួយៗ ស្ថាប័ននីមួយៗ ប្រ​ទេស​​នីមួយៗ ទទួលបាននូវសុខសន្តិភាព​ផង ទទួលបាននូវ​ការអភិវឌ្ឍន៍មួយដ៏ធំធេង ហើយមាននិរន្តរ​ភាពផង។ តែបើ​មិ​នមានពុទ្ធសាសនាជាបង្គោលទេ គឺយើង​អាចមានការ​អភិវឌ្ឍន៍ទៅមុខ ប៉ុន្តែមិនយូរមិនឆាប់​ អាចនឹង​ធ្លាក់ចុះ​មកវិញ ដោយសារតែប្រជាជនមានសភាពផ្លូវ​ចិត្តមិន​នឹងហ្ន មានសភាពផ្លូវចិត្តមិនរឹងមាំ មានសភាពផ្លូវចិត្ត​ដែល​អា​ច​​ទាស់​គ្នា ហើយបំផ្លាញគ្នាទៅវិញទៅមកបាន។ ដូច្នេះ​ពុទ្ធ​សាសនានេះសំខាន់ណាស់ នៅក្នុងការរស់នៅប្រចាំថ្ងៃ ក្នុង​ការធ្វើអាជីវកម្ម នៅក្នុងការដឹកនាំស្ថាប័ន។

មហាឧបាសក អៀង សុធារ៉ា បានបញ្ជាក់ថា មនុស្សយើងម្នាក់ៗគួរតែពង្រឹងទាំងផ្លូវលោកទាំងផ្លូវធម៌ ទាំងពុទ្ធចក្រ ទាំងអាណាចក្រ ដើម្បីឲ្យកង់ទាំងពីរដើរស្មើគ្នា គឺកង់អាណាចក្រ មានន័យថា ចំណេះវិជ្ជាបច្ចេកទេសដូចជា​វិស្វករ ស្ថាបយ្យករ ត្រូវរៀនឲ្យមុតមាំឲ្យច្បាស់លាស់ ទាំង AI អ្វីក៏ដោយឲ្យមុតមាំ។ ប៉ុន្តែទាំងអស់នេះ កាលណាយើង​ចេះ​វា​​តែមួយមុខ វាគ្រោះថ្នាក់ណាស់ ពីព្រោះវាធ្វើឲ្យ​មនុស្ស​មានលោភៈទោសៈនិងមោហៈ។ ដូច្នេះយើងត្រូវមាន​ការរៀនសូត្រព្រះពុទ្ធសា​សនាមួយទៀត ដើម្បីឲ្យកង់ពុទ្ធ​ចក្រនេះវាធំប៉ុនគ្នាជាមួយ​នឹងកង់អាណាចក្រដែរ ដើម្បី​ឲ្យយានដែលយើងជិះពីលើ ទៅមុខបានស្រួល។ និយាយ​ជារួម បច្ចុប្បន្ននេះយើងមាន​កង់អាណាចក្រធំ ប៉ុន្តែកង់ពុទ្ធ​ចក្រតូច ម្ល៉ោះហើយវាធ្វើដំណើរទៅមុខវារលីករលាក់ វាកំពីកកំពក ហើយអាចវៀច​ខុស​ផ្លូវ វាក៏អាចនឹងធ្លាក់​ខុសផ្លូវ និងមានគ្រោះថ្នាក់​ផងដែរ៕