និស្សិតជំនាញទេសចរណ៍ និងសេដ្ឋកិច្ចឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដាក់តាំងបង្ហាញគម្រោង AI ដែលជួយគាំទ្រដល់សេវាកម្មទេសចរណ៍
12-06-2026 16:29
(ភ្នំពេញ)៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំពិព័រណ៍វិចិត្រសាលការរចនាបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ ដែលមានការតាំងបង្ហាញគម្រោង AI ដោយនិស្សិតមកពីជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងសេដ្ឋកិច្ចឌីជីថល ដែលជួយគាំទ្រដល់សេវាកម្មទេសចរណ៍ ប្រតិបត្តិការបដិសណ្ឋារកិច្ច ការអប់រំ សុខាភិបាល ហិរញ្ញវត្ថុ ការអភិវឌ្ឍអាជីព និងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកសាស្ដ្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានថ្លែងថា ថ្ងៃនេះ គឺជាឱកាសដ៏ពិសេសក្រៃលែង សម្រាប់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយសារយើងកំពុងឈរធ្វើជាសាក្សី នៃភាពច្នៃប្រឌិតគ្មានដែនកំណត់ ទេពកោសល្យ នវានុវត្តន៍ និងការគិតគូរបែបច្នៃប្រឌិត (Design Thinking) របស់និស្សិតមកពី ជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងសេដ្ឋកិច្ចឌីជីថល តាមរយៈការរចនា និងអនុវត្តកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងពិភពជាក់ស្តែង។
លោកសាស្ដ្រាចារ្យបណ្ឌិត ហោ ប៉េង បានបន្ថែមថា ពិព័រណ៍នេះ មិនមែនគ្រាន់តែជាការបង្ហាញបច្ចេកវិទ្យា AI ប៉ុណ្ណោះទេ ប៉ុន្តែវាតំណាងឱ្យសមត្ថភាព និងចំណេះដឹងរបស់និស្សិតយើង ក្នុងការបំប្លែងគំនិត ឱ្យទៅជាដំណោះស្រាយជាក់ស្តែង ដែលអាចរួមចំណែកដល់សង្គម ធុរកិច្ច ព្រមទាំងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។
លោកសាស្ដ្រាចារ្យបណ្ឌិត បន្ដទៀតថា ដូចដែលយើងទាំងអស់គ្នា បានជ្រាបយ៉ាងច្បាស់ហើយថា បច្ចេកវិទ្យា AI កំពុងតែអភិវឌ្ឍយ៉ាងរហ័ស និងធ្វើការផ្លាស់ប្តូរ របៀបរស់នៅ ការរៀនសូត្រ ការប្រាស្រ័យទាក់ទង បទពិសោធ ការធ្វើការងារ និងការប្រកបអាជីវកម្ម។ នៅជុំវិញពិភពលោក AI កំពុងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍ បង្កើនផលិតភាពក្នុងគ្រប់ទិដ្ឋភាព និងពង្រឹងភាពប្រកួតប្រជែងនៅគ្រប់វិស័យ។
បន្ថែមពីនោះទៀត លោកសាស្ដ្រាចារ្យបណ្ឌិត ហោ ប៉េង បានលើកឡើងថា ស្របពេលដែលប្រទេសកម្ពុជា កំពុងរុញច្រានរបៀបវារៈបច្ចេកវិទ្យាឌីជីថល គ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានា មានតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ ក្នុងការបំពាក់បំប៉នសិស្ស-និស្សិត នូវចំណេះដឹង បំណិន និងផ្នត់គំនិតបច្ចេកវិទ្យាដែលចាំបាច់ ដើម្បីអាចរីកចម្រើន និងប្រកួតប្រជែងនៅក្នុងយុគសម័យថ្មីនេះបាន។
លោកសាស្ដ្រាចារ្យបណ្ឌិត ហោ ប៉េង បានគូសបញ្ជាក់ថា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង យើងជឿជាក់ថា ការអប់រំកម្រិតឧត្តមសិក្សា ត្រូវតែដើរហួសពីការរៀនសូត្រ តាមបែបប្រពៃណីតែនៅក្នុងថ្នាក់រៀន។ យើងលើកទឹកចិត្ត និស្សិតឱ្យក្លាយជាអ្នកបង្កើត នវានុវត្តន៍ អ្នកច្នៃប្រឌិត អ្នកដោះស្រាយបញ្ហា សហគ្រិន និងជាពលរដ្ឋឌីជីថល ដែលមានការទទួលខុសត្រូវ។ ពិព័រណ៍នាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់យើងយ៉ាងពិតប្រាកដ។
លោកសាស្ដ្រាចារ្យបណ្ឌិត ពិតជាមានមោទនភាពជាខ្លាំង ដែលគំនិតផ្តួចផ្តើមផ្នែក AI នេះ បានប្រមូលផ្តុំគ្រប់គ្នាមកជុំគ្នា ជាពិសេសការសហការរវាងនិស្សិត មកពីមហាវិទ្យាល័យទេសចរណ៍ និងមហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល។ កិច្ចសហការអន្តរវិស័យនេះ បានបង្ហាញពីរបៀបដែលបច្ចេកវិទ្យា AI អាចត្រូវបានរួមបញ្ចូលគ្នា យ៉ាងចុះសម្រុងជាមួយចំណេះដឹង និងបង្កើតជាដំណោះស្រាយ ច្នៃប្រឌិតឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅក្នុងសង្គមដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ។
ជាមួយគ្នានេះ លោកសាស្ដ្រាចារ្យបណ្ឌិត បានឲ្យដឹងថា គម្រោង AI ទាំងនេះ បានបង្ហាញឱ្យឃើញពីរបៀបដែល AI អាចជួយគាំទ្រដល់សេវាកម្មទេសចរណ៍ ប្រតិបត្តិការបដិសណ្ឋារកិច្ច ការអប់រំ សុខាភិបាល ហិរញ្ញវត្ថុ ការអភិវឌ្ឍអាជីព និងការធ្វើសេចក្តីសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គម្រោងទាំងនេះ បានបង្ហាញពីសមត្ថភាព របស់និស្សិត ក្នុងការស្វែងរកបញ្ហាប្រឈមក្នុងពិភពពិត ស្វែងយល់ពីតម្រូវការរបស់អតិថិជន និងអភិវឌ្ឍដំណោះស្រាយដែលជំរុញដោយ AI ជាមួយនឹងការអនុវត្តជាក់ស្តែង។
សមត្ថភាពទាំងនេះ គឺពិតជាខ្វះមិនបានសម្រាប់កម្លាំងពលកម្ម និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនាពេលអនាគតរបស់កម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោកសាស្ដ្រាចារ្យបណ្ឌិត ហោ ប៉េង។
ក្នុងពិព័រណ៍វិចិត្រសាលការរចនាបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦នេះ ក្រុមនិស្សិតចំនួន៩១នាក់ ចែកជា១៤ក្រុម នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានធ្វើការបង្ហាញជូន នូវគម្រោង AI របស់ពួកគេរួមមាន៖
១៖ ប្រព័ន្ធប្រឹក្សាយោបល់លើការស្នើសុំទិដ្ឋាការ (Visa Application Advisor)
២៖ ប្រព័ន្ធបណ្តុះបណ្តាលការប្រាស្រ័យទាក់ទងផ្នែកបដិសណ្ឋារកិច្ចការិយាល័យខាងមុខ (Front-desk Communication Trainer)
៣៖ ប្រព័ន្ធរៀបចំកម្មវិធីទស្សនកិច្ចទេសចរណ៍ផ្ទាល់ខ្លួន (Personalized Tourism Itineraries)
៤៖ ប្រព័ន្ធត្រួតពិនិត្យថ្លៃសេវាកម្មទេសចរណ៍ (Tourism Price Checker)
៥៖ ប្រព័ន្ធរៀបចំផែនការសេវាកម្មម្ហូបអាហារ (Catering Planner)
៦៖ ប្រព័ន្ធរៀបចំផែនការទេសចរណ៍ធម្មជាតិផ្អែកលើសហគមន៍ (Community-Based Ecotourism Planner)
៧៖ ប្រព័ន្ធរៀបចំផែនការអាពាហ៍ពិពាហ៍ (Wedding Planner)
៨៖ ប្រព័ន្ធរៀបចំផែនការធ្វើដំណើរទៅកម្សាន្តនៅខេត្តសៀមរាប (Siem Reap Travel Planner)
៩៖ ប្រព័ន្ធជំនួយការផ្នែកអាហារូបត្ថម្ភផ្ទាល់ខ្លួន (Personalized Nutrition Assistant)
១០៖ ប្រព័ន្ធជំនួយការរៀបចំផែនការថវិកា (Budget Planning Assistant)
១១៖ ប្រព័ន្ធប្រឹក្សាយោបល់ពិនិត្យនិងវិនិច្ឆ័យស្បែក (Skin Diagnostic Advisor)
១២៖ ប្រព័ន្ធណែនាំមុខម្ហូប និងអាហារក្នុងស្រុក (Local Food Guide)
១៣៖ ប្រព័ន្ធដៃគូត្រៀមប្រឡង IELTS (IELTS Preparation Companion)
១៤៖ ប្រព័ន្ធ GPT ផ្គូរផ្គងការងារ (Job Matching GPT)។
សូមជម្រាបផងដែរថា មហាវិទ្យាល័យទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង៖
* លើកកំពស់គុណភាពអប់រំ ស្រាវជ្រាវដល់និស្សិតជំនាញគ្រប់គ្រងទេសចរណ៍ គ្រប់គ្រងបដិសណ្ឋារកិច្ច ដោយមានបញ្ចូលនូវបច្ចេកវិទ្យា Digital, AI, បរិស្ថាន និងជំនាញទន់ ក្នុងកម្មវិធីសិក្សា
* មហាវិទ្យាល័យទេសចរណ៍ តែងតែភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង
* តែងផ្តល់ឱកាសការងារ ផ្តល់ពិសោធន៍ដល់និស្សិត
* ជំនាញគ្រប់គ្រងទេសចរណ៍ កម្រិតថ្នាក់បរិញ្ញាបត្របង្កើតតាំងពីឆ្នាំ១៩៩៨ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)៕





















