ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ (Video inside)
12-06-2026 16:54
(ណៃពិដោ)៖ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ទីក្រុងប៉េកាំងបានប្រកាសថា ប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ ដើម្បីបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតី លោក ស៉ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការបរទេសចិន បាននិយាយថា លោក Min Aung Hlaing នឹងមកបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមិថុនា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា ចិនទន្ទឹងរង់ចាំធ្វើការជាមួយមីយ៉ាន់ម៉ា ហើយតាមរយៈទស្សនកិច្ចរបស់ប្រធានាធិបតី Min Aung Hlaing នឹងធ្វើឱ្យកាន់តែស៉ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
វានឹងជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក ក្រោយការបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌា ចាប់តាំងពីរូបលោកបានក្លាយជាប្រធានាធិបតីស៉ីវិល កាលពីខែមេសា។ ប្រទេសអាស៊ានមួយ បានរងភាពឯកោផ្នែកការទូតចាប់តាំងពីឆ្នាំ២០២១មក នៅពេលផ្ទុះការធ្វើរដ្ឋប្រហារយោធាផ្តួលរំលំ រដ្ឋាភិបាលស៉ីវិលជាប់ឆ្នោតស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំង។
គួរបញ្ជាក់ថា រយៈពេល៥ឆ្នាំ ក្រោយដឹកនាំក្នុងនាមជាប្រមុខយោធា លោក Min Aung Hlaing បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស៉ីវិលរបស់មីយ៉ាន់ម៉ា ក្នុងការធ្វើអន្តរកាលអំណាច ដែលក្រុមឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ ចោទថា គ្រាន់តែជាការផ្លាស់ប្តូរមុខមាត់នៃរបបសឹកប៉ុណ្ណោះ។ ការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា ដែលបានរៀបចំឡើងកាលពីចន្លោះខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ទទួលបានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ទីក្រុងប៉េកាំង៕






