បទយកការណ៍៖ «ស្រុករុក្ខគិរី» ក្លាយជាតំបន់ទុរេនដ៏ធំថ្មីមួយទៀត នៃខេត្តបាត់ដំបង បន្ទាប់ពីស្រុកសំឡូត ជាមួយនឹងក្តីរំពឹងថា នឹងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ (Video inside)
12-06-2026 16:59
(បាត់ដំបង)៖ ទុរេន ត្រូវបានគេប្រសិទ្ធនាមថាជា «ស្តេចនៃផ្លែឈើ» ដែលកំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ក្រឡេកមកមើលខេត្តបាត់ដំបង ក្រៅពីស្រុកសំឡូតដែលល្បីល្បាញខាងដំណាំប្រភេទនេះ ពេលនេះសូម្បីតែស្រុករុក្ខគិរី ក៏កំពុងបង្ហាញវត្តមានចម្ការទុរេនដំបូងបង្អស់ ប្រកបដោយពន្លឺនៃក្តីសង្ឃឹមផងដែរ។ ទោះជាយ៉ាងណា ផ្លូវឆ្ពោះទៅរកភាពជោគជ័យ និងការនាំចេញកសិផលរបស់កសិករយើង នៅតែជួបប្រទះនូវឧបសគ្គមួយចំនួន ទាំងបញ្ហាបច្ចេកទេស ជំងឺផ្សិត និងការប្រកួតប្រជែងទីផ្សារ។
បើនិយាយពីទុរេនបាត់ដំបង យើងមិនអាចរំលងស្រុកសំឡូតបានឡើយ។ លោក ឡៃ សុវណ្ណារ៉ា ម្ចាស់ចម្ការទុរេនទំហំជាង ៧ហិកតា ដែលបានបន្តវេនពីលោកឪពុកក្មេក បានចែករំលែកពីការប្រែប្រួលនៃតម្លៃ និងក្តីស្រមៃចង់ឃើញទុរេនខ្មែរហោះហើរទៅកាន់ទីផ្សារអន្តរជាតិ។ (ខ្វូត)
ក្រៅពីបញ្ហាទីផ្សារ លោក សុវណ្ណារ៉ា ក៏បានរៀបរាប់ពីបញ្ហាជំងឺលើដំណាំ ដូចជាជំងឺផ្សិតភីតូរ៉ា (Phytophthora) ដែលបណ្តាលមកពីកម្រិតអាស៊ីតដី (pH ក្រោម ៥.)។ លោកបានបញ្ជាក់ថា ឆ្នាំមុនចម្ការលោកប្រមូលផលបាន ៧០តោន ហើយឆ្នាំនេះរំពឹងទុកថានឹងអាចឡើងដល់ ១០០តោន។
ទោះជាយ៉ាងណា វិបត្តិសេដ្ឋកិច្ចនៅតាមព្រំដែនបានធ្វើឱ្យម៉ូយមួយចំនួនមិនមានលទ្ធផលក្នុងការនាំយកទុរេនពីលោក ទៅលក់បន្តនោះទេ។ លោកបានសង្កត់ធ្ងន់លើ «ភាពស្មោះត្រង់» រវាងអ្នកលក់ និងអ្នកទិញ និងការងាកមកប្រើប្រាស់ផលិតផលជី-ថ្នាំក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។
ងាកចេញពីស្រុកសំឡូត ឆ្ពោះទៅកាន់ភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ឯណេះវិញ លោក ជួន ចិត្រ ដែលជាកសិករម្នាក់មានដីចម្ការសរុប ៣០ហិកតា បានសម្រេចចិត្តបែងចែកដីមួយផ្នែកមកសាកល្បងដាំដុះទុរេន ចាប់តាំងពីចុងឆ្នាំ២០២០មក។
លោក ជួន ចិត្រ ក៏បានសំណូមពរដល់អាជីវករទាំងឡាយ ឱ្យគិតគូរពីសុខភាពរបស់អ្នកបរិភោគជាចម្បង ដោយមិនត្រូវនាំចូលទុរេនមិនច្បាស់លាស់ពីក្រៅប្រទេស និងគួរមានវិក្កយបត្របញ្ជាក់ប្រភពចម្ការត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ និងបង្កើតទំនុកចិត្ត។
ភាពជោគជ័យជំហានដំបូងរបស់ លោក ជួន ចិត្រ មិនត្រឹមតែជាមោទកភាពផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាបានក្លាយជាគំរូ និងជាសក្តានុពលថ្មីមួយសម្រាប់ឃុំបាសាក់ទាំងមូល ក្រោមការយកចិត្តទុកដាក់ពីមន្ត្រីកសិកម្មឃុំ។
ដើម្បីឱ្យដំណាំទុរេនមាននិរន្តរភាព និងអាចឈានជើងចូលទីផ្សារអន្តរជាតិបាន វាមិនមែនពឹងផ្អែកតែលើការដាំដុះតាមទម្លាប់នោះទេ គឺទាមទារការអនុវត្តតាមបទដ្ឋានបច្ចេកទេសកសិកម្មល្អ ឬហៅថា CAM-GAP (Good Agricultural Practices)។
រឿងរ៉ាវពីចម្ការទុរេននៅស្រុកសំឡូត និងស្រុករុក្ខគិរី បានបង្ហាញថា «ទុរេនខ្មែរ» មានពន្លឺក្នុងការចាប់យកទីផ្សារនាំចេញ។ ភាពស្មោះត្រង់របស់កសិករ ការគាំទ្រពីកម្រិតមូលដ្ឋាន និងការអនុវត្តតាមស្តង់ដារសុវត្ថិភាព គឺជាសោរគន្លឹះតែមួយគត់ ដែលនឹងជួយលើកស្ទួយកសិផលខ្មែរឱ្យមានលំនឹងលើទីផ្សារក្នុងស្រុក និងបោះជំហានទៅកាន់ពិភពលោក ប្រកបដោយមោទនភាព៕










