ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី វេទិកាសាធារណៈជុំទី៣ នៅឃុំដារ ទទួលសំណូមពរពលរដ្ឋ ៨ករណីយកមកដោះស្រាយ

12-06-2026 20:05

(ក្រចេះ)៖ លោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះបានដឹកនាំវេទិកាសាធារណៈជុំទី៣ លើកទី៣ ប្រចាំខែមិថុនាបានទទួលសំណើរពីប្រជាពលរដ្ឋចំនួន ៨ករណី យកមកដោះស្រាយ។

ពោលគឺប្រជាពលរដ្ឋបានស្នើសុំតភ្ជាប់បណ្តាញអគ្គិសនីតាមមាត់អូរព្រែកទេរ (ប្រជាពល រដ្ឋ២០គ្រួសារ) ស្នើសុំចាក់បេតុងប្រវែង៦០ម៉ែត្រ (ចំណុចកោះត្របែង) ស្នើតភ្ជាប់បណ្តាញអគ្គិសនី ផ្លូវបំបែកចាក់សំរាម (ប្រជាពលរដ្ឋ១៥គ្រួសារ) ស្នើស្តារប្រឡាយដីពីទ្វារវេកោះសុក្រំ រហូតដល់ខ្នងពស់ ស្នើសាងសង់ទ្វារទឹកចំនួន១កន្លែង នៅចំណុចអូរធ្យូង និងស្នើតភ្ជាប់បណ្តាញទឹកស្អាតក្នុងភូមិ (តាមចំណុចមាត់ទេរ) ប្រជាពលរដ្ឋចំនួន ៥០គ្រួសារ។

វេទិកាសាធារណៈជុំទី៣នេះសម្រេចដោះស្រាយភ្លាមៗចំនូន៣ករណី និង៥ករណីទៀតកំពុងចាត់ចែងដោះស្រាយជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថានៅក្នុងវេទិកាសាធារណៈជុំទី៣ លើកទី៣ ប្រចាំខែមិថុនាដែលរៀបចំនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះក៏មានការអញ្ជើញចូលរួមពីលោក ទុយ ប៊ុនសេរីរ័ត្នមុន្នី អភិបាលរងខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ៣០០នាក់ទៀតផងដែរ៕