រដ្ឋមន្ដ្រីសុខាភិបាល លើកទឹកចិត្ដដល់មណ្ឌលសុខភាពពេជចង្វារ ខេត្ដកំពង់ឆ្នាំង បន្ដតម្កល់ទឹកចិត្ដខិតប្រឹងប្រែង ដែលឈរលើសមត្ថភាព និងអកប្បកិរិយាល្អ បម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានជារៀងរាល់ថ្ងៃ និងរហូតតទៅ
12-06-2026 21:10
(កំពង់ឆ្នាំង)៖ បន្ទាប់ពីលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ចប់បេសកកម្មលើទឹកដីខេត្ដបាត់ដំបង លោកសាស្ដ្រាចារ្យក៏បានឆ្លៀតឱកាសអញ្ជើញចុះសួរសុខទុក្ខមន្ដ្រីបុគ្គលិករបស់ខ្លួននៅមណ្ឌលសុខភាព ពេជចង្វារ ខេត្ដកំពង់ឆ្នាំង ដោយមិនបានប្រាប់ដំណឹងជាមុន ដែលការចុះដោយផ្ទាល់នេះ បានឃើញពីការបម្រើសេវាសុខាភិបាលជូនប្រជាជនបានយ៉ាងល្អ មានទាំងគុណភាព និងអកប្បកិរិយាល្អ ដល់អ្នកជំងឺ ដែលធ្វើឱ្យលោកសាស្ដ្រាចារ្យ ឃើញហើយរំភើបចិត្ដ ព្រោះមន្ដ្រីបុគ្គលិក មានការតស៊ូខ្ពស់ ប្រឹងប្រែងពង្រឹងសមត្ថភាព និងរៀបចំហេដ្ឋានរចនាសម្ព័ន្ធក្នុងមណ្ឌលមានបរិយាកាសប្រកបដោយផាសុកភាព ត្រៀមបម្រើពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានផ្ដល់សារជូនដល់មន្ដ្រីបុគ្គលិកខ្លួននៅក្នុងមណ្ឌលសុខភាពនេះថា «ទំនុកចិត្តយូរអង្វែងទទួលបានពីការបម្រើសេវាជូនប្រជាពលរដ្ឋ បានមកពីការប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ ឈរលើសមត្ថភាពពិតប្រាកដ និងអកប្បកិរិយាល្អ ។ទំនុកចិត្តនេះ ត្រូវសន្សំជារៀងរាល់ថ្ងៃ និងជារៀងរហូតទៅមុខ»។
ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានកោតសរសើរការប្តេជ្ញាចិត្ត និងការស្មោះស្ម័គ្រខិតខំប្រឹងប្រែងរបស់មន្ត្រីមណ្ឌល ក្នុងការបំពេញការងារ។ ការរីកចម្រើនរបស់មណ្ឌលសុខភាព បានឆ្លុះបញ្ចាំងពីសារ:សំខាន់នៃភាពជាអ្នកដឹកនាំ ដែលបាននាំមកនូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការបម្រើសេវាសុខភាពជូនប្រជាជន។លោកសាស្រ្តាចារ្យ បានលើកឡើងទៀតថា នេះជាមោទនភាព ចំពោះភាពរីកចម្រើន និងការវិវត្តន៍ដ៏វិជ្ជមានរបស់មណ្ឌលសុខភាព ដែលជាមូលដ្ឋានខ្សែបណ្តាយចុងក្រោយនៃប្រព័ន្ធសុខាភិបាល។
ការអញ្ជើញចុះនេះផងដែរ មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាព ពេជចង្វារ បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ចំពោះវត្ដមានថ្នាក់ដឹកនាំអញ្ជើញចុះមកសួរសុខទុក្ខផ្ទាល់ និងពិនិត្យមើលការងារ រួមទាំងផ្ដល់អនុសាសាន៍ប្រកបដោយអត្ថន័យ ដែលកាន់តែជំរុញដល់ទឹកចិត្ដរបស់មន្ដ្រីបុគ្គលិកមានកម្លាំង និងតស៊ូទ្វេដង ។ការលើកទឹកចិត្ដ និងយកចិត្ដទុកដាក់ពីថ្នាក់លើរបស់ខ្លួនប្រកបដោយភាពកក់ក្ដៅនេះ មន្ដ្រីបុគ្គលិកបានសន្យា និងប្ដេជ្ញាខិតខំប្រឹងប្រែងបន្ដទៀត ពង្រឹងវិស័យសុខាភិបាល កាន់តែមានការរីកចម្រើន ឈានទៅបម្រើ និងលើកកម្ពស់សុខភាពប្រជាជនឱ្យកាន់តែប្រសើរ។
សូមជម្រាបថា ដើម្បីកែលម្អ និងពង្រឹងវិស័យសុខាភិបាលកាន់តែមានភាពល្អប្រសើរជាបន្ដបន្ទាប់ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយភាពកក់ក្ដៅ និងទំនុកចិត្ដខ្ពស់ ចាប់ពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យថ្នាក់ជាតិ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា បានបង្កើតវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្ដន៍ ដែលបង្រៀនដោយលោកផ្ទាល់ រៀងរាល់ថ្ងៃអង្គារ ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិកសុខាភិបាលក្រោមឱវាទទាំងអស់សរុបជាង៣ពាន់នាក់ តាមប្រព័ន្ធនិមិត្ដ (ZOOM) បើគិតមកដល់បច្ចប្បន្ននេះមានរយៈពេលជិត៣ឆ្នាំហើយ ។ដូច្នេះការចុះពិនិត្យទៅដល់មណ្ឌលសុខភាពដោយផ្ទាល់នេះ ក៏ជាផ្នែកមួយនៃការផ្ទៀងផ្ទាត់ នូវការអនុវត្ដន៍របស់មន្ដ្រីបុគ្គលិករបស់ខ្លួន។ នាឱកាសចុះសួរសុខទុក្ខមន្ដ្រីបុគ្គលិកក្នុងមណ្ឌលសុខភាពខាងលើនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានចុះពិនិត្យរាល់បន្ទប់ផ្ដល់សេវាជូនប្រជាពលរដ្ឋ រួមទាំងទីតាំងរក្សាទុកដាក់វ៉ាក់សាំងផងដែរ។
គួររម្លឹកថាការចុះសួរសុខទុក្ខ និងពិនិត្យមើលពីវឌ្ឍនភាពការងារជាក់ស្ដែងនៅក្នុងមណ្ឌលសុខភាព ពេជចង្វារ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ស្របពេលដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី និងប្រតិភូសុខាភិបាល ចុះបេសកកម្មរយៈពេល២ថ្ងៃនៅខេត្ដចំនួន២ ពោធិ៍សាត់ និងបាត់ដំបង ថ្ងៃទី៩-១០ ខែមិថុនា ដែលក្នុងនោះលោកក៏បានឆ្លៀតឱកាសចុះទៅពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពសំរោង មណ្ឌលសុខភាពបឹងបត់កណ្តោល និងមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ផងដែរ៕



























