មន្ត្រីជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តប្រជាពលរដ្ឋ សិស្ស និស្សិត និងយុវជនដែលមានសុខភាពល្អ បន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះអ្នកជំងឺឱ្យរស់រានមានជីវិតជាថ្មី

12-06-2026 21:14

(ភ្នំពេញ)៖ លោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាលើកទឹកចិត្តដល់ប្រជាបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងយុវជនទាំងអស់ដែលមានសុខភាពល្អ សូមបន្តចូលរួមការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងឱ្យកាន់តែច្រើនថែមទៀត ដើម្បីជួយសង្គ្រោះអ្នកជំងឺឱ្យរស់រានមានជីវិតជាថ្មី។

ការថ្លែងរបស់លោក ស៊ិក ប៊ុណ្ណា យ៉ាងដូច្នេះធ្វើឡើងនៅក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីអបអរសាទរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ «មួយតំណក់ នៃទឹកចិត្តសប្បុរសធម៌៖ ផ្តល់ឈាម សង្គ្រោះជីវិត» នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា «ការចូលរួមបរិច្ចាគឈាមរបស់បងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែជាការគាំទ្រដល់ប្រព័ន្ធសុខាភិបាលជាតិ និងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល) ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «សកម្មភាពមនុស្សធម៌ចេញពីបេះដូង» ដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានក្នុងការរក្សាជីវិតមនុស្សលោក។ ដូចនេះខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត និងយុវជនទាំងអស់ដែលមានសុខភាពល្អ សូមបន្តចូលរួមការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងឱ្យកាន់តែច្រើនថែមទៀត ដោយសូមចងចាំថា មួយដំណក់នៃទឹកចិត្តសប្បុរសធម៌ គឺពិតជាអាចបន្តជីវិតមនុស្សម្នាក់ៗឱ្យរស់រានមានជីវិតជាថ្មី»។

មន្ត្រីជាន់ខ្ពស់សុខាភិបាលបន្តថា សូមកុំរង់ចាំរហូតដល់មានវិបត្តិ ឬមានតម្រូវការបន្ទាន់ក្នុងគ្រួសារ ទើបធ្វើសកម្មភាព។ យើងត្រូវបង្កើតទម្លាប់នៃការបរិច្ចាគឈាមជាប្រចាំ ដើម្បីធានាថាឃ្លាំងឈាមជាតិរបស់យើងមានឈាមបម្រុងគ្រប់គ្រាន់ និងមានសុវត្ថិភាពជានិច្ចសម្រាប់សង្គ្រោះជីវិតប្រជាពលរដ្ឋយើង។ សូមបន្តជួយគាំទ្រដល់សេវាកម្មជាតិផ្តល់ឈាមរបស់យើង ដើម្បីឧត្តមប្រយោជន៍មនុស្សធម៌ និងការជួយជីវិតមនុស្ស។

ទន្ទឹមនឹងនេះការបរិច្ចាគឈាម គឺសកម្មភាពសប្បុរសមួយ ដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន។ ការសិក្សាដែលមានលក្ខណៈវិទ្យាសាស្ត្រ បានបង្ហាញថា ជាមធ្យមនៅក្នុងខ្លួនមនុស្សយើងមានឈាមប្រមាណពី ៣ ទៅ ៥ លីត្រ ទៅតាមទម្ងន់របស់មនុស្សម្នាក់ៗ។ ហើយការបរិច្ចាគឈាមម្តងៗ អស់តែ ៣៥០មីលីលីត្រទេ បានន័យថាបាត់បង់ឈាមត្រឹមតែ ៧ភាគរយប៉ុណ្ណោះ នៃចំណុះឈាមដែលមាននៅក្នុងខ្លួនយើង។

«ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមគឺឱសថដ៏ស័ក្តិសិទ្ធិមួយក្នុងផ្នែកវេជ្ជសាស្ត្រទំនើប ដែលគ្មានរោងចក្រណាអាចផលិតបានឡើយ។ ឈាម គឺមានប្រភពតែមួយគត់ គឺមកពីមនុស្ស។ ឈាម គឺប្រភពនៃជីវិត ដែលមិនមានបច្ចេកវិទ្យាទំនើបណាអាចផលិតដើម្បីជំនួសឈាមរបស់មនុស្សបានទេ»។​ លោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់បន្ថែម។

ជាមួយគ្នានេះលោក ស៊ិក ប៊ុណ្ណា បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចគឺជាសប្បុរសជនបរិច្ចាគឈាមទៀងទាត់ម្នាក់ ជាគំរូសម្រាប់យុវជន កងទ័ព និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានចាត់ទុកថា ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា។

មួយវិញទៀតលោកក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានរៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម និងបានត្រៀមទទួលអំណោយឈាមពីសប្បុរសជនដ៏ច្រើនកុះករនាពេលនេះ។

សូមជម្រាបថាយោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក បច្ចុប្បន្ននេះមានមនុស្សដែលបានធ្វើអំណោយឈាមប្រមាណ ១១៨,៥ លាន ក្នុងនោះ ស្ត្រីមានប្រមាណ ៣៣ភាគរយ នៃអ្នកអំណោយឈាម។ ការបន្តរៀបចំប្រារព្ធទិវាពិភពលោកនៃការបរិច្ចាគឈាមជាដរាបរាល់ឆ្នាំ ដើម្បីថ្លែងអំណរគុណជាអនេកប្បការជូនដល់សប្បុរសជនបរិច្ចាគឈាមគ្រប់ តាមគ្រប់រូបភាព និងមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន អង្គការ សមាគម វិស័យឯកជន សប្បុរសជន៕