សមាគមក្រុមប្រឹក្សាខេត្តកែប បើកកិច្ចប្រជុំក្រុមប្រឹក្សា ក្រុងស្រុក ឃុំ សង្កាត់ និងគណៈកម្មាធិការប្រតិបត្តិ លើកទី២ អាណត្តិទី៤

12-06-2026 22:01

(កែប)៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកែប បើកកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ លើកទី២ អាណត្តិទី៤ ក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័ត លើរបាយការណ៍សកម្មភាពការងារ និងហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងចូលរួមពីលោក ជន សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាជាតិថ្នាក់មូលដ្ឋាន និងលោក លោកស្រី ជាថ្នាក់ដឹកនាំក្រុង ស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ លោក លោកស្រីក្រុមប្រឹក្សាសមាគម ប្រមាណ ជាង៧០រូប។

តាមរបាយការណ៍របស់លោក តូច សាម៉ន ប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកែប បានឲ្យដឹងថា ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ លើកទី២ អាណត្តិទី៤ គឺរៀបចំឡើងស្របតាមមាត្រា១៣ នៃលក្ខន្តិកៈរបស់សមាគម ដែលកំណត់ឲ្យធ្វើការប្រជុំសាមញ្ញមួយឆ្នាំម្តង ដើម្បីបូកសរុប និងធ្លុះបញ្ចាំងពីលទ្ធផលការងារដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តបន្ត ក្នុងឆ្នាំ២០២៦។ លោកបន្តថា ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រភពធនធាន ដែលមានសមាគម បានខិតខំអនុវត្តសកម្មភាពការងារសម្រេចបានលទ្ធផលគួរអោយកត់សម្គាល់ ទន្ទឹមនោះសមាគម បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សេវា បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពបានយ៉ាងល្អប្រសើរ។

នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រជុំមួយព្រឹកនេះ ប្រកបដោយភាពរីករាយ និងប្រព្រឹត្តទៅដោយរលូន។ លោកបានបន្តថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានជួយគាំទ្រ និងបម្រើផលប្រយោជន៍រួមរបស់សមាជិក និងលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ យុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់​កាលទី១​ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងផ្អែកតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ជាមួយគ្នានេះ សមាគម ក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការចូលរួមបម្រើប្រជាពលរដ្ឋ តាមរយៈការងារអភិវឌ្ឍន៍នៅមូលដ្ឋាន​ ដើម្បីអោយទិសដៅខាងមុខ សម្រេចបានដោយជោគជ័យ។ ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តការជាមួយដៃគូឲ្យបានល្អប្រសើរ បង្កើនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងការពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញជាប្រចាំ៕