ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឡើងផ្តល់បាឋកថាគន្លឹះក្នុងវេទិកា Nikkei Forum លើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី»

12-06-2026 22:16

(តូក្យូ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាវាគ្មិនកិត្តិយសដើម្បីឡើងថ្លែងបាឋកថាគន្លឹះ នៅក្នុងវេទិកាលំដាប់អន្តរជាតិ Nikkei Forum លើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» (The Future of Asia) ក្រោមមូលបទ «ការរួមគ្នាកសាងអាស៊ីមួយដែលមានភាពធន់ និងវិបុលភាពជាងមុន»។

នៅក្នុងបាឋកថាប្រកបដោយអត្ថន័យស៊ីជម្រៅ និងទស្សនវិស័យវែងឆ្ងាយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងនូវយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែកកសាងស្ថិរភាព និងកំណើនសេដ្ឋកិច្ចតំបន់ ដោយផ្អែកលើចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖

១៖ ការបង្ហាញទស្សនវិស័យលើការអភិវឌ្ឍតំបន់ដោយ «សន្តិភាព និងនីតិរដ្ឋ» ជាគ្រឹះមិនអាចខ្វះបាន
លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងការកសាងតំបន់អាស៊ីដែលមានភាពធន់ ដោយបានគូសបញ្ជាក់ថា អាស៊ីកំពុងស្ថិតក្នុងចំណុចរបត់ដ៏សំខាន់ចំពេលមានប្រឈមភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជាប្រកាន់ខ្ជាប់នូវសសរស្តម្ភ ៤ គឺ៖ សន្តិភាព នីតិរដ្ឋ ភាពបើកចំហសេដ្ឋកិច្ច និងកំណើនប្រកបដោយបរិយាបន្ន ដើម្បីឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

កម្ពុជាបានបង្ហាញភាពចាស់ទុំខាងការទូតខ្ពស់ ដោយប្រកាសមិនស្វែងរកការប្រឈមមុខដាក់គ្នា ឬការបង្កើនភាពតានតឹងចំពោះបញ្ហាព្រំដែនជាមួយប្រទេសជិតខាងឡើយ។ ចំពោះបញ្ហាតំបន់ទាមទារត្រួតស៊ីគ្នានៅសមុទ្រ (OCA) បន្ទាប់ពីប្រទេសថៃប្រកាសដកខ្លួនជាឯកតោភាគីពី MOU 2001 កម្ពុជាបានជ្រើសរើសការដោះស្រាយតាមយន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) តាមរយៈយន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation)។

២៖ ការលើកកម្ពស់មុខមាត់ជាតិ និងភាពទាក់ទាញតាមរយៈ «ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន» នៃបរិយាកាសវិនិយោគ
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គុណសម្បត្តិដ៏ធំបំផុតរបស់កម្ពុជាគឺ «ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន» (Predictability) ផ្អែកលើតម្លាភាព និងភាពជាដៃគូដ៏គួរឱ្យទុកចិត្ត។ កម្ពុជាបានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្រោមក្របខណ្ឌច្បាប់វិនិយោគដែលបើកចំហ និងអនុគ្រោះបំផុតមួយនៅអាស៊ី។ ជាសក្ខីកម្មជាក់ស្តែង ក្នុងឆ្នាំ២០២៥ ក.អ.ក. បាអនុម័តគម្រោង វិនិយោគរហូតដល់ ៦៣០ គម្រោង (តម្លៃជាង ១០ ប៊ីលានដុល្លារអាមេរិក) និងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ អនុម័តបានចំនួន ១៤៦ គម្រោង (តម្លៃប្រមាណ ២,៥ ប៊ីលានដុល្លារអាមេរិក)។ បច្ចុប្បន្ន កម្ពុជាកំពុងវិវឌ្ឍខ្លួនយ៉ាងលឿនទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ការផលិតសំបកកង់រថយន្ត និងគ្រឿងបង្គុំរថយន្ត (ដែលក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការនាំចេញក្នុងវិស័យនេះ សម្រេចបានដល់ ៥៨០ លានដុល្លារអាមេរិក ដោយគ្រឿងបង្គុំរថយន្ត កើនឡើងជាង ៣០ភាគរយ ដោយមានជប៉ុនជាទីផ្សារធំបំផុត)។

៣៖ ការប្តេជ្ញាចិត្តលើការតភ្ជាប់ សន្តិសុខឌីជីថល និងថាមពលបៃតង
កម្ពុជាបានបង្ហាញពីយុទ្ធសាស្ត្របំប្លែងកត្តាភូមិសាស្ត្រនៅចំកណ្តាលអាស៊ានដីគោក ឱ្យទៅជាភាពប្រកួតប្រជែង តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស ការលើកកម្ពស់សន្តិសុខឌីជីថល និងនិន្នាការនៃការប្រើបាស់ថាមពលបៃតង។ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការបើកឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួនពីរ (សៀមរាប-អង្គរ និងតេជោភ្នំពេញ) ការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងជាពិសេសគឺ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងតភ្ជាប់វិស័យភស្តុភារកម្មជាតិទៅកាន់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងការលើកកម្ពស់សន្តិសុខឌីជីថល កម្ពុជាបានប្រកាសពីយុទ្ធនាការជាតិដ៏ម៉ឺងម៉ាត់ក្នុងការបោសសម្អាត និងលុបបំបាត់បណ្តាញបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams) តាមរយៈការអនុវត្តច្បាប់ថ្មីដោយគ្មានការលើកលែង ដើម្បីការពារទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថល។ លើសពីនេះកម្ពុជាឈានមុខគេលើនិរន្តរភាពថាមពល ដោយបច្ចុប្បន្នការប្រើប្រាស់ថាមពលកកើតឡើងវិញមានរហូតដល់ជាង ៦៣% និងប្តេជ្ញាសម្រេចឱ្យបានយ៉ាងហោចណាស់ ៧០% ត្រឹមឆ្នាំ២០៣០។

៤៖ ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ កម្ពុជា-ជប៉ុន
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជាដៃគូដ៏ស្មោះត្រង់ រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍស្ទើរតែគ្រប់វិស័យនៅកម្ពុជា។ ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ សម្រេចបានជាង ៧៥០លានដុល្លារអាមេរិក (កើនឡើងជិត ១៥% ធៀបនឹងឆ្នាំមុន) ដែលឆ្លុះបញ្ចាំងពីតម្លៃនៃគុណភាព និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។

ការអញ្ជើញឡើងថ្លែងបាឋកថារបស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវេទិកាកំពូលលំដាប់ពិភពលោកនេះ មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពដ៏សំខាន់បង្ហាញពីការត្រៀមលក្ខណៈរួចជាស្រេចរបស់កម្ពុជា ក្នុងការធ្វើការងារជាមួយភាគីមិត្ត និងដៃគូពាក់ព័ន្ធទាំងអស់។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកក៏បានផ្ញើសារការទូតដ៏ទន់ភ្លន់ ប្រកបដោយភាពច្បាស់ការទៅកាន់ពិភពលោកថា៖ «ភាពធន់មិនមែនជាការអវត្តមាននៃបញ្ហាប្រឈមនោះទេ ប៉ុន្តែវាជាសមត្ថភាពក្នុងការជម្នះបញ្ហាទាំងនោះ»។ នៅចំពោះមុខផ្លូវបំបែកនៃភាពមិនច្បាស់លាស់របស់សកលលោក កម្ពុជាជ្រើសរើសយកកិច្ចសហប្រតិបត្តិការ ភាពបើកចំហ និងសន្តិភាព ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរៀបចំអនាគតរួមរបស់អាស៊ី ឱ្យមានភាពធន់ វិបុលភាព និងភាពជឿជាក់ជាងមុន សម្រាប់អ្នកជំនាន់ក្រោយជាបន្តបន្ទាប់។

បន្ថែមពីលើការថ្លែងបាឋកថាគន្លឹះ របៀបវារៈនៃវេទិកាដ៏មានសារៈសំខាន់នេះ ក៏មានការចោទជាសំណួរពិភាក្សាបែប Fireside Chat ជាមួយអ្នកសម្របសម្រួលកម្មវិធីផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបទៅនឹងសំណួរជុំវិញបញ្ហាតំបន់ និងសកលលោក ដោយបានបកស្រាយយ៉ាងលម្អិត និងស៊ីជម្រៅបន្ថែមលើទស្សនវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា។ ទម្រង់នៃការជជែកពិភាក្សាបែបនេះ មិនត្រឹមតែបានផ្តល់ឱកាសឱ្យកម្ពុជាអាចបង្ហាញពីភាពឆ្លាតវៃ និងភាពបត់បែននៃនយោបាយការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនូវទំនុកចិត្ត និងភាពជិតស្និទ្ធរវាងវាគ្មិនកិត្តិយស និងអង្គពិធីទាំងមូល ដែលចង់ស្វែងយល់កាន់តែច្បាស់អំពីកាលានុវត្តភាព និងភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា នៅក្នុងសម័យកាលដ៏មានសារៈសំខាន់នៃតំបន់អាស៊ី៕