លោកស្រី ពុំ ចន្ទីនី៖ កាកបាទក្រហមកម្ពុជា មានបេសកកម្មមិនមែនគ្រាន់តែចែកអំណោយទេ តែជាចលករជំរុញឱ្យកម្ពុជាសម្រេចបានជោគជ័យគោលដៅ ៩៥-៩៥-៩៥ លើការងារអេដស៍ (Video inside)
12-06-2026 22:30
(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា មានបេសកកម្មមិនមែនគ្រាន់តែចែកអំណោយនោះទេ ប៉ុន្តែ គឺជាចលករជំរុញឱ្យកម្ពុជា បានសម្រេចគោលដៅសកល ៩៥-៩៥-៩៥ ក្នុងការព្យាបាលមេរោគអេដស៍។
ការលើកឡើងរបស់លោកស្រី ពុំ ចន្ទីនី បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកស្រី ចូលរួមធ្វើសន្និសីទសារព័ត៌មាន ស្ដីអំពីជោគជ័យរបស់កម្ពុជា ជាប្រទេសដំបូងគេនៅអាស៊ី-ប៉ាស៊ីហ្វិក ដែលបានសម្រេចគោលដៅសកល ៩៥-៩៥-៩៥ ក្នុងការព្យាបាលមេរោគអេដស៍ ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា នៅក្នុងមាត្រាទី២ នៃលក្ខន្តិកៈរបស់កាកបាទក្រហមកម្ពុជា គឺមានឋានៈស្របច្បាប់ជាជំនួយការ ឱ្យអាជ្ញាធរសាធារណៈ។ ដូច្នេះហើយកាកបាទក្រហមកម្ពុជា បំពេញការងារគ្រប់វិស័យទាំងអស់ ចូលរួមជួយរាជរដ្ឋាភិបាល ចំពោះវិស័យសុខភាព គឺជាវិស័យអាទិភាពរបស់កាកបាទក្រហមកម្ពុជាផងដែរ។
លោកស្រី ពុំ ចន្ទីនី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អ៊ឹចឹងហើយបានកាកបាទក្រហមកម្ពុជា បានចូលរួមចំណែកក្នុងការងារអេដស៍នេះតាំងពីអើយមក នៅឆ្នាំ១៩៩៥។ ខ្ញុំសូមជម្រាបថាមោទនភាពបំផុតរបស់កាកបាទក្រហមកម្ពុជា គឺការរួមចំណែកសម្រេចបានគោលដៅ ៩៥-៩៥-៩៥។ ទី១៖ អត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់»។
ជាមួយគ្នានេះដែរ លោកស្រី ពុំ ចន្ទីនី បានបញ្ជាក់ថា ក្នុងបេសកកម្មផ្នែកសុខភាពនេះ កាកបាទក្រហមកម្ពុជា បានផ្តោតសំខាន់ទៅលើស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីដែលមានផ្ទៃពោះ និងមានកូនតូចអាយុក្រោម ២ឆ្នាំ ពោលគឺជាអាទិភាពទី១ របស់កាកបាទក្រហមកម្ពុជា។
លោកស្រី ពុំ ចន្ទីនី បានបន្តថា កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពដោយផ្ទាល់ និងបានជួបមុខសញ្ញាជនងាយរងគ្រោះ និងអ្នករងគ្រោះច្រើនណាស់ ដូច្នេះ ក្រុមការងាររបស់កាកបាទក្រហមកម្ពុជា បានបញ្ជ្រាបសារអប់រំពីបញ្ហាជំងឺអេដស៍នៅគ្រប់សកម្មភាពទាំងអស់។
លោកស្រី ពុំ ចន្ទីនី បានឱ្យដឹងថា នៅក្នុង១ឆ្នាំៗ កាកបាទក្រហមកម្ពុជា បានបញ្ជ្រាបសារអប់រំដល់មនុស្សចន្លោះពី ១០ម៉ឺននាក់ ទៅ ២០ម៉ឺននាក់។ កត្តាអំណោយផលនេះ គឺដោយសារតែកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពចុះជួបប្រជាពលរដ្ឋនៅតាមគោលដៅនានា គ្រប់មុខសញ្ញាទាំងអស់។
លោកស្រី ពុំ ចន្ទីនី បានសង្កត់ធ្ងន់ថា កាកបាទក្រហមកម្ពុជា ក្រោមកដឹកនាំរបស់សម្តេចកិត្តិពព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានយកចិត្តទុកដាក់បំផុតធ្វើសកម្មភាពមនុស្សធម៌គ្រប់រូបភាព ក្នុងបុព្វហេតុរួម គឺដើម្បីប្រជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ។ ពោលគឺមិនថាពលរដ្ឋរងគ្រោះផ្នែកសុខភាព គ្រោះមហន្តរាយ ហើយជាពិសេសអ្នករងគ្រោះដោយសារតែមេរោគអេដស៍ ត្រូវបានសម្តេចព្រឹទ្ធបណ្ឌិត ដាក់គោលការណ៍ជួយឱ្យអស់ពីចិត្ត ពីថ្លើម។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៨, អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា នឹងបន្តលើកកម្ពស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយថែមទៀតនូវសារលិខិតឥស្សរជនឆ្នើម ក្នុងទិវាជាតិ និងអន្តរជាតិទាំង៣ ជារៀងរាល់ឆ្នាំ។ ចំពោះការផ្សព្វផ្សាយនេះ គឺមិនមែនគ្រាន់តែផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ឬតាមបណ្តាញព័ត៌មាននោះទេ ពោលគឺនៅគ្រប់សាខាកាកបាទក្រហមនៅតាមរាជធានី ខេត្តនីមួយៗ បានធ្វើសកម្មភាពដោយផ្ទាល់ ដោយបានអញ្ជើញប្រជាពលរដ្ឋចូលរួមអានសារជាដើម។
ឆ្នាំ២០២៦នេះ ក៏ជាឆ្នាំរំលឹកខួប ៣០ឆ្នាំ នៃការគាំទ្ររបស់អង្គការ UNAIDS ចំពោះការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា។ នេះជារយៈពេល ៣ទសវត្សរ៍នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល សហគមន៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមអ្នករស់នៅជាមួយមេរោគអេដស៍ និងរងផលប៉ះពាល់ដោយសារមេរោគអេដស៍។
គោលដៅ ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលបានការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ សម្រេចបានការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត។
គួរបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧តែប៉ុណ្ណោះ នៅទូទាំងពិភពលោក ដែលសម្រេចបានគោលដៅ ៩០-៩០-៩០ កាលពីឆ្នាំ២០១៧ មុនកាលកំណត់ ៣ឆ្នាំ៕










