តាមរយៈបណ្តាញសារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវដល់ធុរជនក្នុងប្រទេសជប៉ុន និងសហគមន៍ធុរកិច្ចអន្តរជាតិ សម្លឹងមើលឱកាសសិក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជា
12-06-2026 22:28
(តូក្យូ)៖ ភ្លាមៗបន្ទាប់ពីបានចូលរួមជាវាគ្មិនកិត្តិយសឡើងថ្លែងបាឋកថាគន្លឹះនៅក្នុងវេទិកា Nikkei Forum លើកទី៣១ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនបណ្តាញសារព័ត៌មាន និងស្ថានីយទូរទស្សន៍ល្បីៗរបស់ជប៉ុន ចូលជួបធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខ (Exclusive Interview) ក្នុងនោះរួមមាន៖ ស្ថាប័នសារព័ត៌មាន Nikkei, ទស្សនាវដ្តីសេដ្ឋកិច្ចអន្តរជាតិ Nikkei Asia និង បណ្តាញស្ថានីយទូរទស្សន៍ពាណិជ្ជកម្មឈានមុខ Television Tokyo Co., Ltd. (ហៅកាត់ថា TX ឬ TV Tokyo)។
កិច្ចសម្ភាសន៍បែប Exclusive ជាមួយប្រព័ន្ធផ្សព្វផ្សាយល្បីៗទាំងនេះ គឺជាឱកាសយុទ្ធសាស្ត្រដ៏វិសេសវិសាលដែល លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ដើម្បីបន្លឺសំឡេង និងឆ្លុះបញ្ចាំងពីតថភាពនៃវឌ្ឍនភាពជាតិទៅកាន់ធុរជន វិនិយោគិន ក៏ដូចជាសាធារណជននៅលើឆាកអន្តរជាតិ។
នៅក្នុងកិច្ចសម្ភាសន៍នោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចនូវខ្លឹមសារគន្លឹះៗ និងយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជាអាទិ៍រួមមាន៖ (១) ការបង្ហាញពីស្ថិរភាពនយោបាយ និងការពង្រឹងភាពជឿជាក់របស់កម្ពុជា, (២) ជំហររបស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់(៣) យុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា និងការធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្មជាតិសំដៅឱ្យមានភាពប្រកួតប្រជែងខ្ពស់, (៤) ច្បាប់ស្តីពីវិនិយោគដែលមានភាពបើកចំហ និងការយកចិត្តទុកដាក់ខ្ពស់ដល់វិនិយោគិន, (៥) ការត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់សេវាថែទាំគាំទ្រវិនិយោគតាមយៈយន្តការនានាដែលបានដាក់ចេញ, និង (៦) ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
តាមរយៈបណ្តាញសារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោកទាំងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារអំពាវនាវ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនសាជីវកម្ម វិនិយោគិន និងធុរជនទាំងក្នុងប្រទេសជប៉ុន ក៏ដូចជាសហគមន៍ធុរកិច្ចអន្តរជាតិ ឱ្យពិចារណាក្នុងការសម្លឹងមើលឱកាសដើម្បសិក្សាស្វែងយល់ដោយផ្ទាល់ពីសក្តានុពលរបស់កម្ពុជា ពិសេសឱកាសក្នុងការបោះទុនវិនិយោគលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ រួមមាន៖ ឧស្សាហកម្មកែច្នៃកសិផល និងចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល, និងការអភិវឌ្ឍបៃតង ជាដើម។ល។
សកម្មភាពការទូតតាមប្រព័ន្ធផ្សព្វផ្សាយ (Media Diplomacy) ដ៏សកម្មរបស់លោកឧបនាយករដ្ឋមន្ត្រី នៅក្នុងព្រឹត្តិការណ៍ Nikkei Forum លើកទី៣១ នេះ គឺជាការផ្សព្វផ្សាយអំពីកម្ពុជា ក្នុងបណ្តាញព័ត៌មានសេដ្ឋកិច្ចសកលសំដៅកសាងទំនុកចិត្ត និងទាក់ទាញរលកទុនវិនិយោគ លំដាប់ខ្ពស់ពីប្រទេសជប៉ុន និងអន្តរជាតិមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយបរិយាបន្ន និងមានចីរភាព៕















