ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីទី២ ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការអភិវឌ្ឍសហគមន៍

12-06-2026 22:45

(ម៉ាឡេស៊ី)៖ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Dato’ Seri Fadillah Yusof ឧបនាយករដ្ឋមន្ត្រីទី២ និងជារដ្ឋមន្ត្រីក្រសួងថាមពល និងបរិវត្តកម្មទឹកម៉ាឡេស៊ី នៅទីស្តីការក្រសួង ក្នុងទីក្រុងរដ្ឋបាលពុត្រាចាយ៉ា។

ក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី បានជម្រាបជូនភាគីម៉ាឡេស៊ីអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់សហគមន៍ឥស្លាមនៅកម្ពុជា ក៏ដូចជាជោគជ័យ នៃគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលជាផ្លែផ្កាបានមកពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវសិទ្ធិសេរីភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្នដល់ប្រជាពលរដ្ឋគ្រប់រូប។

ទន្ទឹមនឹងនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រីទី២ ក៏ដូចជារដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលតែងតែផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងដល់សហគមន៍ឥស្លាមកម្ពុជានាពេលកន្លងមក។

ជាលទ្ធផលនៃជំនួប ថ្នាក់ដឹកនាំទាំងពីរបានឯកភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ លើការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យថាមពល ពិសេសការអភិវឌ្ឍថាមពលប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រមួយចំនួនទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបម្រើដល់ផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ៕