យោធាអាមេរិកជួយអមការពារការដឹកជញ្ជូនប្រេង ៧លានធុងក្នុងមួយថ្ងៃចេញពីឈូងសមុទ្រពែក្ស (Video inside)

12-06-2026 23:11

(ហ៊ូស្តុន)៖ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក គ្រីស រ៉ាយ (Chris Wright) នៅថ្ងៃសុក្រ បានថ្លែងថា ប្រតិបត្តិការយោធាអាមេរិកបានជួយសម្រួលដល់ការដឹកជញ្ជូនប្រេងប្រមាណ ៧លានធុងក្នុងមួយថ្ងៃ ឱ្យចាកចេញពីតំបន់ឈូងសមុទ្រពែក្សដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិករូបនេះ បានបញ្ជាក់ថា តួលេខនេះស្មើនឹងប្រហែលពាក់កណ្តាលនៃបរិមាណប្រេងដែលបានជាប់គាំងនៅច្រកសមុទ្រហ័រមូស តាំងពីពេលសង្គ្រាមផ្ទុះឡើង។ ទោះបីជាជួយបើកផ្លូវដល់នាវាផ្សេងៗក្តី ប៉ុន្តែលោកសង្កត់ធ្ងន់ថា គ្មានប្រេងរបស់អ៊ីរ៉ង់សូម្បីមួយតំណក់ណា ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់នោះឡើយ។ ប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាព ការដឹកជញ្ជូននឹងត្រឡប់មករកភាពប្រក្រតីវិញ ប៉ុន្តែបើគ្មានទេ យោធាអាមេរិកនឹងនៅតែបន្តធ្វើអន្តរាគមន៍ ដើម្បីធានាលំហូរថាមពលសកល។

ទិន្នន័យ ៧លានធុងនេះ បានធ្វើឱ្យអ្នកជំនាញក្នុងឧស្សាហកម្មប្រេងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារពួកគេធ្លាប់ប៉ាន់ស្មានថាមានត្រឹមតែ ៣ ទៅ ៤លានធុងប៉ុណ្ណោះដែលអាចឆ្លងកាត់បាន ដែលជាហេតុធ្វើឱ្យតម្លៃប្រេងបច្ចុប្បន្នស្ថិតក្នុងរង្វង់ ៨៨ដុល្លារក្នុងមួយធុង។ ទន្ទឹមនឹងនេះ លោក រ៉ាយ ក៏បានបង្ហើបពីលទ្ធភាពនៃការបន្ធូរបន្ថយទណ្ឌកម្មខ្លះៗលើអ៊ីរ៉ង់ ប្រសិនបើភាគីទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពផងដែរ៕