វិភាគអន្តរជាតិ៖ ហេតុអ្វីសង្រ្គាមរបស់លោក ត្រាំ មិនអាចវាយបំបែកឆ្នាំងបាយរបស់អ៉ីរ៉ង់?
12-06-2026 23:31
(តេហេរ៉ង់)៖ សេដ្ឋកិច្ចរបស់អ៉ីរ៉ង់តាមពិតទៅបានធ្លាក់ចូលទៅក្នុងវិបត្តិរួចទៅហើយ នៅមុនសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅមកម្ល៉េះ។ សេដ្ឋកិច្ចអ៉ីរ៉ង់ បានពើបប្រទះនឹងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ អតិផរណាឡើងខ្ពស់ រួមទាំងវិបត្តិរូបិយប័ណ្ណ។ បញ្ហាទាំងអស់នេះមានសភាពកាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារតែការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធយោធា ស៊ីវិល ឧស្សហកម្ម និងការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើកំពង់ផែអ៉ីរ៉ង់។
តែទោះជាប្រឈមមុខនឹងសម្ពាធដែលបានកើនឡើងជាលំដាប់ក៏ដោយ ក៏សេដ្ឋកិច្ចរបស់អ៉ីរ៉ង់មិនទាន់ឈានដល់ចំណុចនៃការដួលរំលំ ជាពេលដែលសកម្មភាពសេដ្ឋកិច្ចជាប់គាំងលែងដំណើរការទាំងស្រុង នៅឡើយទេ។ អ៉ីរ៉ង់មានភាពធន់ទៅនឹងវិបត្តិសេដ្ឋកិច្ច ដ្បិតបានរៀនរស់នៅជាមួយសង្រ្គាម និងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិអស់រយៈពេលរាប់ទសវត្សរ៍មកនេះ។ ខណៈកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក កំពុងស្ថិតក្នុងស្ថានភាពម្ដងមានសង្ឃឹម ម្ដងអស់សង្ឃឹម រួមទាំងការកើនឡើងជម្លោះជាមួយអ៉ីស្រាអែល អ៉ីរ៉ង់កំពុងធ្វើតេស្ដលើភាពធន់របស់ប្រទេសដទៃ និងសេដ្ឋកិច្ចពិភពលោក ជាមួយការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់កប៉ាល់ដឹកប្រេង និងទំនិញសំខាន់ៗឆ្លងកាត់។
* ហេតុអ្វីសេដ្ឋកិច្ចរបស់អ៉ីរ៉ង់មិនបានដួលរលំ?
អ៉ីរ៉ង់បានរៀនសូត្ររស់នៅជាមួយផលវិបាកដែលបង្កឡើងដោយការបិទខ្ទប់សេដ្ឋកិច្ច ទណ្ឌកម្ម និងសង្រ្គាមជាច្រើនទសវត្សរ៍មកហើយ។ អ៉ីរ៉ង់បានដាក់ចេញវិធីសាស្ត្រជាច្រើនដើម្បីរកផ្លូវវៀងគេចពីទណ្ឌកម្ម សេដ្ឋកិច្ចរបស់លោកខាងលិច ក្នុងនោះរួមមានទាំងការបង្កើតក្រុមហ៊ុនមានតែឈ្មោះនៅលើក្រដាស ដើម្បីបិទបាំងប្រតិបត្តិការអាជីវកម្ម និងកងនាវាស្រមោលនៃកប៉ាល់ដឹកប្រេងដើម្បីនាំចេញប្រេងរបស់ខ្លួន។ អ៉ីរ៉ង់ក៏ធ្លាប់បានឆ្លងកាត់ផងដែរដំណាក់កាលដ៏យូរអង្វែងនៃការធ្លាក់ចុះការនាំចេញប្រេង ជាពិសេសអំឡុងអាណត្តិទី១របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅពេលលោក ត្រាំ ដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់ និងដាក់ទណ្ឌកម្មឡើងវិញលើតេហេរ៉ង់។
បច្ចុប្បន្ន សេដ្ឋកិច្ចអ៉ីរ៉ង់កាន់តែរងសម្ពាធខ្លាំងជាងមុខទៅទៀត ដោយសារតែការបិទខ្ទប់របស់សហរដ្ឋអាមេរិកមិនឱ្យកប៉ាល់ដឹងប្រេងចេញចូលកំពង់ផែអ៉ីរ៉ង់ ដែលនេះបានធ្វើឱ្យការនាំចេញប្រេងរបស់អ៉ីរ៉ង់ទៅឱ្យ អ្នកទិញ ជាពិសេសគឺចិនជួបការលំបាកយ៉ាងខ្លាំង។ ប៉ុន្តែចង់ឱ្យផលប៉ះពាល់រាលដាលចូលទៅក្នុងសេដ្ឋកិច្ចអ៉ីរ៉ង់ទាំងមូល គឺត្រូវការពេលវេលាច្រើនសប្ដាហ៍ ឬអាចច្រើនខែ។ មុនសង្រ្គាមផ្ទុះឡើង អ៉ីរ៉ង់បានបង្កើន ការលក់ប្រេង ហើយដោយសារប្រេងឡើងថ្លៃនៅមុនការបិទខ្ទប់របស់សហរដ្ឋអាមេរិក អ៉ីរ៉ង់រកចំណូលបានពីការលក់ប្រេងបានយ៉ាងក្រាស់ក្រែល ហើយចំណូលទាំងនេះអាចជួយទ្រទ្រង់សេដ្ឋកិច្ចបានមួយរយៈ។
រដ្ឋាភិបាលអ៉ីរ៉ង់បានដាក់ចេញវិធានការគាំពារនិយម ដើម្បីធានាការផ្គត់ផ្គង់នៅក្នុងស្រុក។ នៅក្រោមវិធានការគាំពារនិយម អ៉ីរ៉ង់បានហាមឃាត់ការនាំចេញទៅក្រៅប្រទេសនូវទំនិញសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន ចំណីអាហារ និងផលិតផលកសិកម្ម ព្រមទាំងផលិតផលឥន្ធនៈគីមីមួយចំនួនជាដើម។ ចំណែក ធនាគារកណ្ដាលអ៉ីរ៉ង់វិញបាននិយាយថាខ្លួនបាន និងកំពុងផ្ដោតជាអាទិភាពលើការចាត់ចែង និងបែងចែកទុនបម្រុងជា រូបិយប័ណ្ណបរទេសសម្រាប់ទិញទំនិញដែលអ៉ីរ៉ង់ត្រូវការជាចាំបាច់។
អ៉ីរ៉ង់បានបង្កើនការប្រើប្រាស់ផ្លូវពាណិជ្ជកម្មផ្សេងៗទៀត ដោយមិនពឹងផ្អែកទាំងស្រុងតែទៅលើច្រកសមុទ្រ Hormuz នោះទេ។ អ៉ីរ៉ង់បានដឹកជញ្ជូនទំនិញតាមផ្លូវដែកឆ្ពោះទៅកាន់ប្រទេសជិតខាងដូចជា ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ខណៈចំនួនរថភ្លើងដឹកទំនិញធ្វើដំណើរចេញពីទីក្រុង Xi’an ភាគកណ្ដាលប្រទេសចិនឆ្ពោះទៅកាន់អ៉ីរ៉ង់បានកើនឡើង។ អ៉ីរ៉ង់ក៏ពឹងផ្អែកខ្លាំងលើកំពង់ផែភាគខាងជើងរបស់ខ្លួនស្ថិតតាមបណ្ដោយ សមុទ្រ Caspian ផងដែរដែលជាធម្មតាបានជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មជាមួយរុស្ស៉ី។
អ៉ីរ៉ង់បានប្រកាន់យកគោលនយោបាយផ្លូវការមួយដែលគេស្គាល់ «សេដ្ឋកិច្ចពឹងផ្អែកលើខ្លួនឯង» ដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅចាប់តាំងពីឆ្នាំ២០១៣មក។ គោលនយោបាយនេះគឺជារបៀបវារៈមួយរបស់ អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ លោក Khamenei ចង់ឱ្យអ៉ីរ៉ង់ពង្រឹងសមត្ថភាពផលិតនៅក្នុង ស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលដើម្បីការពារខ្លួន និងទប់ទល់ជាមួយនឹងទណ្ឌកម្មពីលោកខាងលិច។ អ៉ីរ៉ង់សម្រេចបានភាពរីកចម្រើនខ្លះៗដែរ ក្រោមគោលនយោបាយនេះអំឡុងអាណត្តិទី១របស់លោក ត្រាំ ដោយនៅពេលនោះទំនិញ ឬម៉ាកយីហោបរទេសមួយចំនួនបានបាត់ចេញពីទីផ្សារអ៉ីរ៉ង់ដែលនេះបានផ្ដល់ឱកាសឱ្យក្រុមហ៊ុនក្នុងស្រុកពង្រីកការលក់ និងដណើ្ដមចំណែកទីផ្សារកាន់តែច្រើនឡើង។
* តើសម្ពាធសេដ្ឋកិច្ចគំរាមកំហែងដល់រដ្ឋាភិបាលអ៉ីរ៉ង់ ឬ?
បើតាមការវាយតម្លៃរបស់ Bloomberg Economics លទ្ធភាពនៃការផ្ទុះឡើងបន្ថែមទៀតនូវចលាចលសង្គមអ៉ីរ៉ង់ដោយសារតែវិបត្តិសេដ្ឋកិច្ច បានស្ថិតក្នុងកម្រិតខ្ពស់ណាស់។ ក៏ប៉ុន្តែ Bloomberg Economics ក៏បានវាយតម្លៃដែរថាហានិភ័យនៃអស្ថិរភាព ឬការដួលរលំរបបដឹកនាំតេហេរ៉ង់ កំពុងស្ថិតក្នុងកម្រិតមធ្យមតែប៉ុណ្ណោះ ក្នុងបរិបទដែលកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានពង្រឹកការក្ដាប់អំណាចរបស់ខ្លួន។ ម្យ៉ាងវិញទៀត ទំហំខូចខាតបង្កឡើងដោយការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានបង្វែរការខឹងសម្បារមួយផ្នែករបស់ប្រជាជនអ៉ីរ៉ង់ចេញពីរបបដឹកនាំតេហរ៉ង់ តម្រង់ទៅរកសហរដ្ឋអាមេរិក និងអ៉ីស្រាអែល វិញ៕











