World Cup 2026៖ ម្ចាស់ផ្ទះកាណាដា រកបានត្រឹម ១ពិន្ទុ ពីការលេងស្មើនឹងបូស្នី ១-១ បើកឆាកពូល B

13-06-2026 06:27

(បរទេស)៖ កាណាដា សហម្ចាស់ផ្ទះ World Cup 2026 អាចរកបានត្រឹមតែ ១ពិន្ទុ នៅពេលវាយបកតាមស្មើ ១-១ ទល់នឹងភ្ញៀវបូស្នី មកពីតំបន់អឺរ៉ុប (UEFA) នាថ្ងៃបើកឆាកសន្សំពិន្ទុពូល B នាយប់មិញនេះក្នុងប្រកួតទី៣ នៃកម្មវិធី ៤ឆ្នាំម្តង។

បូស្នី ដែលបានឡើងមកលេង World Cup ជំនាន់ទី២៣ តាមរយៈផ្តួលក្រុមខ្លាំងអាសូរីអ៉ីតាលីដោយបាល់ ១១ម៉ែត្រនៃ វគ្គជម្រុះតំបន់អឺរ៉ុប ជាអ្នករកបានគ្រាប់នាំមុខ ១គ្រាប់មុនក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Toronto ក្រោយបញ្ចប់ពិធីបើករួចមក និងធ្វើបានសម្រេចដោយកីឡាករ Lukic ក្នុងវគ្គទី១។

ទោះជាយ៉ាងណា កាណាដាក្នុងនាមម្ចាស់ផ្ទះ World Cup លើកដំបូងបានខិតខំវាយបកតាមស្មើមកវិញនៅនាទី៧៨ ដោយកីឡាករ Larin ដើម្បីសង្រ្គោះ ១ពិន្ទុ ក្នុងការប្រជែងកៅអីឡើងវគ្គ ៣២ក្រុម ដ្បិតលេខ៣ ល្អចំនួន ៨ក្រុម ក៏នឹងត្រូវជ្រើសរើសឡើងវគ្គបន្តដែរ។

ប្រកួតបន្ទាប់ កាណាដា ប៉ះក្រុមនៅអាស៊ី កាតា ក្រោយពេលបូស្នី ប៉ះក្រុមនៅអឺរ៉ុបដូចគ្នាគឺ ស្វីស នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៃការប្រកួតទី២ ប្រចាំពូល B នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 របស់ពួកគេ៕