ចប់ការប្រកួត៖ ម្ចាស់ផ្ទះអាមេរិក យកឈ្នះប៉ារ៉ាហ្គាយ ៤-១ បើកឆាកពូល D នៅ World Cup 2026

13-06-2026 10:19

(វ៉ាស៊ីនតោន)៖ សហម្ចាស់ផ្ទះ World Cup 2026 អាមេរិករកបាន ៣ពិន្ទុដំបូងនៅថ្ងៃប្រកួតបើកឆាករបស់ខ្លួន ប្រចាំពូល D តាមរយៈបំបាក់ក្រុមភ្ញៀវមកពីតំបន់អាមេរិកឡាទីន ប៉ារ៉ាហ្គាយ ៤-១ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា (ម៉ោងនៅកម្ពុជា) នៅឯកីឡដ្ឋាន Los Angeles។

អាមេរិក ក្នុងនាមអ្នករៀបចំ World Cup ជាលើកទី២ គិតចាប់ពីឆ្នាំ១៩៩៤ ធ្វើបានល្អជាងគេ ក្នុងចំណោម ៣ម្ចាស់ផ្ទះរួមគ្នាជាមួយមិចស៊ិក និងកាណាដា ពោលគឺមិចស៊ិក យកឈ្នះអាហ្វ្រិកខាងត្បូង ២-០, កាណាដា ស្មើនឹងបូស្នី ១-១ នាថ្ងៃប្រកួតបើកឆាករៀងៗខ្លួនរបស់ពួកគេ។

ក្នុងរយៈពេល ៤៥នាទីដំបូងសម្រាប់វគ្គទី១ អាមេរិកបាននាំមុខប៉ារ៉ាហ្គាយ ៣ទល់នឹង០ នៅពេលខ្សែការពារខាងក្រុមភ្ញៀវធ្វេសប្រហែសចូលទីគ្រាប់ទី១ ក្រោយចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះ និងបន្ថែម ២គ្រាប់ទៀតនៅនាទី២១ និងនាទី ៤៥+៥ ដោយប៉ារ៉ាហ្គាយវាយបកបាន ១គ្រាប់មកវិញ នៅនាទី៧៣ មុនពេលអាមេរិកថែមគ្រាប់ទី៤ នៅនាទី៩០+៧។

អាមេរិក ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Mauricio Pochettino មកពីតំបន់អាមេរិកឡាទីនបានធ្វើការប៉ះបាល់ ដល់ទៅ ៤០ដងក្នុងប្រអប់គ្រោះថ្នាក់ប៉ារ៉ាហ្គាយ ដែលជាស្ថិតិធ្វើបានល្អបំផុតរបស់ពួកគេនៃការបង្ហាញខ្លួននៅ World Cup គិតចាប់តាំងពីឆ្នាំ១៩៦៦ មក៕