បណ្ឌិត គុណ ញឹម អំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូទាំងអស់ បន្តពង្រឹងកិច្ចសហការ និងការសម្របសម្រួលគ្នា ដើម្បីរួបរួម បង្កើតបរិយាកាសធុរកិច្ច ឱ្យកាន់តែអំណោយផលសម្រាប់ SMEs នៅកម្ពុជា
13-06-2026 11:35
(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកទី១» ក្រោមប្រធានបទ «ការគាំទ្រនិងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង»។
ក្នុងរយៈពេលពីរថ្ងៃកន្លងមក វេទិកាបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយមានការចូលរួមយ៉ាងសកម្ម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ជាច្រើន។
តាមរយៈបទបង្ហាញបច្ចេកទេសចំនួនបីវគ្គ កិច្ចពិភាក្សាចំនួនបីវគ្គ និងកិច្ចសន្ទនាពិសេសមួយវគ្គអង្គវេទិកាបានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍សំខាន់ៗពាក់ព័ន្ធនឹងការចុះបញ្ជីសហគ្រាសនិងផលិតផល, គោលនយោបាយគាំទ្រ SMEs, ការលើកទឹកចិត្តផ្នែកសារពើពន្ធ, កិច្ចសម្រួលពាណិជ្ជកម្ម, ការចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការ ជំរុញការនាំចូល-នាំចេញ។ ជាពិសេស កិច្ចសន្ទនាពិសេសក្រោមប្រធានបទ គយ និង SMEs ជាដៃគូយុទ្ធសាស្ត្រក្នុងការជំរុញផលិតកម្ម និងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូរវាងរដ្ឋបាល គយ និង SMEs ក្នុងការជួយសហគ្រាសចាប់យកឱកាសពីសមាហរណកម្មសេដ្ឋកិច្ច និងទីផ្សារសកល។
កិច្ចសន្ទនានេះបានរំលេចថា ការពង្រឹងការយល់ដឹងអំពីច្បាប់និងនីតិវិធីគយ, ការធ្វើទំនើបកម្មនិងឌីជីថលូបនីយកម្មរដ្ឋបាលគយ, ការលើកទឹកចិត្តផ្នែកគយនិងពន្ធដារ,ការចូលយន្តការសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ការកសាងសមត្ថភាព និងការបង្កើតយន្តការសន្ទនាជាប្រចាំ គឺជាមូលដ្ឋានសំខាន់សម្រាប់ជួយ SMEs កាត់បន្ថយថ្លៃដើម បង្កើនទំនុកចិត្ត និងពង្រឹងសមត្ថភាព ប្រកួតប្រជែង។
អង្គវេទិកាបានយល់ស្របគ្នាថា SMEs ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ ការចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ,ការពង្រឹងគុណភាព ស្តង់ដារ អនុលោមភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ទុកជាកត្តាគន្លឹះសម្រាប់បង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សាររបស់ SMEs នៅក្នុងស្រុកនិងអន្តរជាតិ។
អង្គវេទិកាក៏បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង អគរ និង FASMEC ដែលនឹងក្លាយជាក្របខ័ណ្ឌសហប្រតិបត្តិការដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយច្បាប់និងនីតិវិធីគយ, ការកសាងសមត្ថភាព និងការប្រមូលបញ្ហាប្រឈមនិងសំណូមពររបស់ SMEs ព្រមទាំងការបង្កើតយន្តការសន្ទនា និងពិគ្រោះ យោបល់ជាប្រចាំរវាងរដ្ឋបាលគយ និងវិស័យឯកជន។
ក្នុងសុន្ទរកថាបិទ លោកបណ្ឌិត គុណ ញឹម បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះលទ្ធផលវេទិកា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ អគរ ក្នុងការបន្តធ្វើជាដៃគូគាំទ្រការអភិវឌ្ឍ SMEs តាមរយៈការពង្រឹងតម្លាភាព, ការធ្វើទំនើបកម្មរដ្ឋបាលគយ, ការប្រើប្រាស់ប្រព័ន្ធឌីជីថល, ការកាត់បន្ថយពេលវេលា និងថ្លៃដើមធ្វើពាណិជ្ជកម្ម ព្រមទាំងការលើកកម្ពស់ការយល់ដឹងអំពីបទប្បញ្ញត្តិនិងនីតិវិធីគយ។
លោកបណ្ឌិតក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការ និងការសម្របសម្រួលគ្នា ដើម្បីរួបរួម បង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែអំណោយផលសម្រាប់ SMEs នៅកម្ពុជា។
វេទិកានេះ បានបិទបញ្ចប់ដោយផ្លែផ្កាតាមការរំពឹងទុក និងបានបង្ហាញពីការប្តេជ្ញាចិត្តរួមរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការពង្រឹងភាពជាដៃគូ ការលើកកម្ពស់ផលិតកម្មក្នុងស្រុក ការពង្រីកពាណិជ្ជកម្ម និងការជំរុញការអភិវឌ្ឍSMEs ប្រកប ដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព៕


















