រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន១,៦៣៤ក្បាលដី ជូនពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ

13-06-2026 12:09

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ១,៦៣៤ក្បាលដី ជូនដល់ប្រជាពលរដ្ឋនៅភូមិបឹងច្រែង ភូមិក្ល ភូមិសោបក្រោម និងសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចចេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ស ចំរុង អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ, លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ អភិបាលសស្រុកស្ដីទី ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើនកុះករ។

លោក នេត្រ ភក្ត្រា បានចូលរួមអបអរសាទរប្រជាពលរដ្ឋទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)នេះ ចំពោះពិធីនេះមិនមែនគ្រាន់តែជាការប្រគល់នូវឯកសាររដ្ឋបាលមួយសន្លឹកប៉ុណ្ណោះទេ។ ប៉ុន្តែ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបញ្ជាក់អំពីការទទួលស្គាល់ជាផ្លូវការរបស់ប្រជាពលរដ្ឋកាន់កាប់ដីធ្លីដោយស្របច្បាប់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា បណ្ណកម្មសិទ្ធិដីធ្លី ដែលប្រគល់ជូនប្រជាពលរដ្ឋ គឺជាភស្តុតាងស្របច្បាប់ដ៏រឹងមាំរបស់ប្រជាពលរដ្ឋក្នុងការចាត់ចែង និងប្រើប្រាស់ជាដើម។ ចំពោះបណ្ណកម្មសិទ្ធិលើដីធ្លី ជាការផ្តល់សុវត្ថិភាព ផ្តល់ទំនុកចិត្ត បង្កើនតម្លៃទ្រព្យសម្បត្តិ និងបើកឱកាសថ្មីដើម្បីអភិវឌ្ឍន៍ជីវភាពគ្រួសារ។ ជាពិសេសជាមូលដ្ឋានដ៏សំខាន់ក្នុងការរៀបចំដែនការគ្រួសារ ការវិភាគ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយជម្លោះ និងការថែរក្សានូវស្ថិរភាពសង្គមផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ប្រសិនបងប្អូនប្រជាពលរដ្ឋកាន់កាប់ដីធ្លីដោយគ្មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ច្បាស់ណាស់ដីធ្លីនឹងមិនតម្លៃ អាចនឹងបង្កឱ្យមានជម្លោះព្រំដីជាមួយអ្នកជិតង ជាពិសេសវានឹងមិនអាចបើកឱកាសសម្រាប់ការអភិវឌ្ឍ និងពង្រីកសេដ្ឋកិច្ចគ្រួសារជាដើម។ លោកក៏បានស្នើសុំដល់ប្រជាពលរដ្ឋដែលធ្លាប់មានជម្លោះដោយសារបញ្ហាព្រំដីកន្លង សុំមេត្តាត្រូវរ៉ូវគ្នាឡើងវិញ ដើម្បីបង្កើនស្មារតីសាមគ្គីភាពគ្នានៅក្នុងមូលដ្ឋាន ស្ថិតនៅក្រោមដំបូលនៃសុខសន្តិភាព។

ចំពោះគោលនយោបាយដីធ្លី, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលនឹងបន្តដំណើរការកែ ទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះ ស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការសំដៅគ្រប់ គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា។

បើយោងរបាយការណ៍ស្វាគមន៍របស់លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដោយបានធ្វើកំណែទម្រង់លើវិស័យដីធ្លីជូនប្រជាពលរដ្ឋ និងបានដាក់ចេញនូវយុទ្ធនាការវាស់វែងដីធ្លីបង្ហើយ ក្នុងគោលបំណងកាន់កាប់ដីធ្លីច្បាស់លាស់ មានសុវត្ថិភាព និងមានមូលដ្ឋានច្បាប់រឹងមាំ និងដើម្បីធានាដល់ចរន្ភការឯកសារ ការគ្រប់គ្រង បច្ចុប្បន្នភាពព័ត៌មានដីធ្លី និងការពារប្រយោជន៍របស់ប្រជាពលរដ្ឋ។

ប្រធានមន្ទីររៀបចំដែនដី បានថ្លែងថា លទ្ធផល នៃការចុះបញ្ជីដីធ្លីនៅក្នុងស្រុកព្រែកប្រសព្វ សម្រេចបានរួមមានវាស់វែង បានចំនួន ៤៨,៦៦៥ក្បាលដី, ប្រមូលទិន្នន័យបានចំនួន ៤៤,៣៦០ក្បាលដី, បញ្ជូល ទិន្នន័យបានចំនួន ៤២,៥៣៣ក្បាលដី, គូសក្បាលដីបានចំនួន ៤៨,៥១៨ក្បាលដី, ក្បាលដីបិទផ្សាយបានចំនួន ២៣,៣៨០ក្បាលដី, ចេញបណ្ណបានចំនួន ១៨,៩២១ ក្បាលដី​​ និងចែកបណ្ណបានចំនួន ១៦,៣៨០ក្បាលដី។

លោក អ៊ូ សុបុណ្ណកា បានបញ្ជាក់ថា ក្រោមការអនុវត្តកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យ ជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ និងមានការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានបន្តចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ០៤ភូមិ គឺភូមិបឹងច្រែង ភូមិក្ល ភូមិសោបក្រោម និងសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំនួន ១,៦៣៤ ក្បាលដីក្នុងនោះ៖

*ភូមិបឹងច្រែង ៥៥៩ ក្បាលដី រួមមាន៖ ដីលំនៅឋាន ចំនួន ៣៣២ក្បាលដ, ដីកសិកម្ម ចំនួន ២២៦ក្បាលដី, សាលារៀន ចំនួន ០១ក្បាលដី, ដីអវត្តមានចំនួន ៩២ក្បាលដី និងដីវិវាទចំនួន ០៦ក្បាលដី
*ភូមិក្ល ចំនួន ២៤៧ក្បាលដី រួមមាន៖ ដីលំនៅឋាន ចំនួន ៧៦ក្បាលដី, ដីកសិកម្ម ចំនួន ១៧០ក្បាលដី, ដីកប់ខ្មោច ចំនួន ០១ក្បាលដី, ដីអវត្តមាន ចំនួន ៥១ ក្បាលដី
*ភូមិសោបក្រោម ចំនួន ៣៩៨ក្បាលដី រួមមាន៖ ដីលំនៅឋាន ចំនួន ២៤៦ក្បាលដី, ដីកសិកម្មចំនួន ១៥០ក្បាលដី, សាលារៀនចំនួន ០១ក្បាលដី, មណ្ឌលសុខភាពចំនួន ០១ក្បាលដី, ដីអវត្តមាន ចំនួន ៥៦ក្បាលដី, ដីវិវាទចំនួន ០៣ក្បាលដី
*ភូមិសោបលើ ចំនួន ៤៣០ក្បាលដី រួមមាន៖ ដីលំនៅឋានចំនួន ២២៩ក្បាលដី, ដីកសិកម្មចំនួន ១៩៦ក្បាលដី, ដីវត្តចំនួន ០២ក្បាលដី, សាលារៀន ចំនួន ០១ក្បាលដី, សាលាឃុំចំនួន ០១ក្បាលដី, ប៉ុស្តិ៍រដ្ឋបាល ចំនួន ០១ក្បាលដី, ដីអវត្តមានចំនួន ៨៧ ក្បាលដី និងដីវិវាទចំនួន ០១ក្បាលដី៕