អាជ្ញាធរជាតិអប្សរា, ស្ថានទូតជប៉ុន, អង្គការយូណេស្កូ និងសាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន ជួបពិភាក្សាគ្នា លើគម្រោងអភិរក្សជួសជុលប្រាសាទបាយ័ន
13-06-2026 12:41
(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក NAGASE Kensuke ភារធារី នៃស្ថានទូតជប៉ុន និងលោក Flavio Boneti ប្រធានការិយាល័យ តំណាងអង្គការ UNESCO ភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ Steering Committee លើកទី១ របស់គម្រោង JASA ដោយកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា ទូតជប៉ុន អង្គការយូណេស្កូ សាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន។
គម្រោងនេះ ក្រោមជំនួយថវិការបស់ប្រទេសជប៉ុន តាមរយៈអង្គការយូណេស្កូ ដែលមានថវិកាចំនួន ៩០០,០០០ដុល្លារ បានជួបប្រជុំពិភាក្សាគ្នា ជាលើកដំបូង ក្នុងការរៀបចំគម្រោង ដើម្បីអនុវត្តន៍កម្មវិធីអភិរក្សជួសជុលប្រាសាទបាយ័ន ជាពិសេស គឺការសិក្សាស្រាវជ្រាវអំពីរូបចម្លាក់នៃថែវប្រាសាទបាយ័ន និងការបណ្តុះបណ្តាលអ្នកជំនាញ ក៏ដូចជា ការផ្ទេរនូវទិន្ន័យនានា ដែលអនុវត្តកន្លងមក នៅប្រាសាទបាយ័ន និងប្រាសាទផ្សេងៗទៀត ដែលក្រុមការងារគម្រោងប្រមូលបាន៕








