លោកស្រី ឱ វណ្ណឌីន ផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗ ១២ចំណុច សម្រាប់ជាទិសដៅអនុវត្តបន្ត រៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម
13-06-2026 13:39
(កំពង់ចាម)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) នៅកម្ពុជា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលារៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នាសម្រាប់ស្រុកប្រតិបត្តិកំពង់ចាម-កំពង់សៀម នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។
ក្នុងដំណើរការធ្វើជាស្រុកអនុវត្ត PHC-BIF គំរូ ដោយមានការចូលរួមពីលោក ឃន ប្រុស អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម, លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុន អតីត:ប្រធានមន្ទីរសុខាភិបាលខេត្ត ជាទីប្រឹក្សាក្រសួងសុខាភិបាល លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ព្រមទាំងអ្នកបច្ចេកទេស និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ។
សិក្ខាសាលានេះ មានគោលបំណង គឺដើម្បីពិភាក្សាអំពីដំណោះស្រាយបញ្ហាប្រឈមសម្រាប់ការជំរុញបង្កើនការថែទាំសុខភាពបឋម និងជ្រើសរើសសម្រាប់ការអនុវត្ត ព្រមទាំងបង្កើតផែនការប្រតិបត្តិដល់ឆ្នាំ២០២៨ របស់ស្រុកប្រតិបត្តិកំពង់ចាម-កំពង់សៀម នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។
លោកស្រីវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ និងបានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗ និងទស្សនទានយុទ្ធសាស្ត្រចំនួន ១២ចំណុច សម្រាប់ជាទិសដៅអនុវត្តបន្ត មានដូចខាងក្រោម៖
១៖ ពង្រឹង ភាពជាអ្នកដឹកនាំ អភិបាលកិច្ច និងការសម្របសម្រួល ដោយមានការចូលរួមពីពហុវិស័យ និងបែបអភិក្រមសហគមន៍ទាំងមូល ព្រមទាំងដំណើរការជាប្រចាំនូវក្រុមការងារ PHC-BIF ថ្នាក់ខេត្ត-ស្រុក-ឃុំ /សង្កាត់ ដែលបានបង្កើតរួចហើយនោះ
២៖ ជំរុញការធ្វើសមាហរណកម្មការផ្តល់សរវានៅថ្នាក់មូលដ្ឋានប្រកបដោយគំនិតនវានុវត្តន៍ មានគុណភាព និងប្រសិទ្ធិភាព ព្រមទាំងបង្ខិតសេវាឱ្យទៅកៀកប្រជាពលរដ្ឋ និងចាត់ទុកប្រជាជនជាស្នូលនៃអន្តរាគមន៍សុខភាព
៣៖ ការពង្រឹង និងបង្កេីនសមត្ថភាពបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព សំដៅលេីកកម្ពស់បច្ចេកទេសសុខាភិបាល
៤៖ ជំរុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងវិស័យពាក់ព័ន្ធ លេីកិច្ចការ PHC-BIF ដែលគ្របដណ្តប់ទាំងការបង្ការជំងឺ ការថែទាំព្យាបាល និងការស្តារនិតិសម្បទារ ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត
៥៖ ជំរុញការទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ និងមិនមានរបាំងហិរញ្ញវត្ថុ សំដៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥ ដោយមិនទុកចោលនរណាម្នាក់
៦៖ បង្កើនគុណភាពនៃការថែទាំព្យាបាល និងកិច្ចការសុវត្ថិភាពអ្នកជំងឺ
៧៖ ពង្រឹងគុណភាពទិន្នន័យ ការកត់ត្រា ប្រព័ន្ធព័ត៌មានសុខាភិបាល និងបរិវត្តកម្មឌីជីថល
៨៖ ពង្រឹងការងារគ្រប់គ្រងឱសថ វ៉ាក់សាំង និងការប្រេីប្រាស់បចេ្ចកវិទ្យាចាំបាច់ៗ សម្រាប់សម្រួលដល់ការងារទាំងនេះ
៩៖ ពង្រឹងមុខងារសុខភាពសធារណៈ ដោយជំរុញការអនុវត្ត «ភូមិ-ឃុំ មានសុខភាពល្អ និងមានសុវត្ថិភាព» និងការជំរុញកិច្ចការបង្ការជំងឺតាមរដូវកាល
១០៖ ជំរុញសកម្មភាពពហុវិស័យលើកត្តាកំណត់សុខភាព ឆ្ពោះទៅរកសុខភាពល្អជាចំបង សម្រាប់ទាំងអស់គ្នា ព្រមទាំងកៀរគរដៃគូ និងធនធាន សម្រាប់ការអនុវត្ត PHC-BIF គំរូ
១១៖ ពង្រឹងភាពធន់ និងត្រៀមលក្ខណ:ឆ្លើយតបការផ្ទុះឡេីងនៃជំងឺ និងគ្រោះអាសន្ន ធម្មជាតិ ប្រកបដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់
១២៖ អនុវត្តការតាមដាន វាយតម្លៃ និងការសរៀនសូត្រពីការអនុវត្ត PHC-BIF គំរូ ព្រមទាំងពង្រីកវិសាលភាពនៃការអនុវត្តទៅបណ្តាស្រុកផ្សេងៗទៀតនៅក្នុងខេត្ត និងការចងក្រងជាឯកសារ។
សូមជម្រាបថា សមាជិក និងសមាជិកា ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលា គឺមកពីផ្នែកពាក់ព័ន្ធជាច្រើន រួមមាន៖ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល រដ្ឋបាលសាលាខេត្ត សាលាស្រុកកំពង់ចាម សាលាស្រុកកំពង់សៀម ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិកំពង់ចាម-កំពង់សៀម បុគ្គលិកមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ វិស័យឯកជន (គ្លីនិក និងឱសថស្ថាន) តំណាងមេភូមិ តំណាងសាលារៀន ព្រមទាំងតំណាងអង្គការសុខភាពពិភពលោក សរុបចំនួន ៥៦រូប បានអញ្ជើញចូលរួមសិក្ខាសាលាដែលមានរយៈពេល២ថ្ងៃនេះ៕





































