លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងអាព្យាបាលកុមារ និងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ១លានដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង
13-06-2026 13:41
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងអាព្យាបាលកុមារ និងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ចំនួន ១លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិតបានសម្ដែងនូវអារម្មណ៍រីករាយក្រៃលែងដោយបានចូលរួមជួបផ្ទាល់ សំណេះសំណាលផ្ទាល់ជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា រួមទាំងជួបសួរសុខទុក្ខអាណាព្យាបាលនិងកុមារ ដែលទទួលបានការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។
លោកជំទាវបណ្ឌិតបានថ្លែងបន្ថែមថា ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» «នាងខ្ញុំក៏បានចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង ដោយក្រុមហ៊ុនបានបរិច្ចាគថវិកាចំនួន ១,០០០,០០០ (មួយលាន) ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់បេសកកម្មព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផាដល់កុមារកម្ពុជា។ ការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង នាពេលនេះ គឺមិនមែនជាលើកទីមួយ គឺក្រុមហ៊ុននេះបានចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផា គឺតាំងពីឆ្នាំ២០២០ មកម្ល៉េះ។ បើគិតជាថវិកាសរុបនៅក្នុងថ្ងៃនេះ គឺក្រុមហ៊ុន ជីប ម៉ុង គឺបានចូលរួមជាមួយនិងមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា បានចំនួន ៣,២២៥៣៥១ដុល្លារអាមេរិក។ ការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង ចាស គ្រុប នាពេលនេះ គឺមិនត្រឹមតែជាការបរិច្ចាគនូវថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ដល់នូវក្ដីសង្ឃឹម ហើយផ្ដល់នូវការជួយព្យាបាល ដល់កុមារជាច្រើនម៉ឺនសែននាក់ ដែលពួកគាត់ទាំងអស់នេះ អនាគតជាធនធានមនុស្សរបស់កុមារកម្ពុជាយើង ពីព្រោះថាកុមារកម្ពុជាយើងនៅក្នុងថ្ងៃនេះ ទៅអនាគតគឺជាថ្នាក់ដឹកនាំ ហើយជាធនធានមនុស្សមួយដ៏សំខាន់របស់ប្រទេសយើង»។
«នេះគឺជាការចូលរួម របស់ក្រុមហ៊ុន ជីប ម៉ុង គឺមិនមែនចូលរួមតែម្ដងម្កាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្ដេជ្ញាចិត្តយូរអង្វែង ចំពោះសុខភាព និងអាយុជីវិត របស់កុមារកម្ពុជាយើង ជាពិសេសគឺប្រជាពលរដ្ឋរបស់ប្រទេសកម្ពុជាយើងតែម្ដង។ ហើយយើងដឹងថាការចូលរួមបរិច្ចាគនេះ គឺជាការជួយសង្គ្រោះដល់ជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះ ជាច្រើនម៉ឺនសែននាក់ ហើយដែលជាការធ្វើបុណ្យមួយដ៏ល្អប្រសើរ ដែលអ្នកដែលកាន់ព្រះពុទ្ធសាសនា ដូចជានាងខ្ញុំជាដើម គឺព្រះពុទ្ធបានទូន្មានថា «គ្មានទានណា ដែលបានធ្វើទៅល្អប្រសើរ ជាងការដែលជួយសង្គ្រោះជីវិតមនុស្ស ហើយជាពិសេសគឺជួយមនុស្សម្នាក់ដែលកំពុងត្រូវការជំនួយ»។ នេះបើតាមការបញ្ជាក់របស់លោកជំទាវបណ្ឌិត។
លោកជំទាវបណ្ឌិតបានថ្លែងបន្ដថា យើងដឹងហើយថា ទឹកចិត្តរបស់ឪពុកម្ដាយ គឺវិលវល់នៅពេលដែលកូនឈឺ ជាពិសេសកូនមានជំងឺ មហារីក ឬជំងឺបេះដូងអីហ្នឹងទៀត តើព្រួយបារម្ភយ៉ាងណា ហើយអ៊ីចឹងការធ្វើទាននេះ គឺជាទានមួយដ៏ល្អប្រសើរ បានផលបុណ្យច្រើនមែនទែន។ ដូច្នេះលោកជំទាវបណ្ឌិត បានចាត់ទុកថា «គន្ធបុប្ផា គឺមិនមែនជាមន្ទីរពេទ្យទេ គន្ធបុប្ផាគឺជាកន្លែងដែលផ្ដល់នូវក្ដីសង្ឃឹម ពិសេសគឺជាកន្លែងដែលផ្ដល់នូវក្ដីសង្ឃឹម កន្លែងដែលផ្ដល់នូវជីវិតថ្មី កន្លែងដែលផ្ដល់នូវសេចក្ដីទុកចិត្ត ហើយនឹងកន្លែងដែលផ្ដល់នូវភាពកក់ក្ដៅ សម្រាប់គ្រួសារខ្មែរ ជាពិសេសសម្រាប់គ្រួសារ ដែលខ្សត់ខ្សោយ អត់សូវមានលទ្ធភាព ។អ៊ីចឹងមន្ទីរពេទ្យគន្ធបុប្ផានេះ គឺជាកន្លែងមួយដែលផ្ដល់នូវក្ដីសង្ឃឹម ផ្ដល់នូវស្នាមញញឹម ទៅឱ្យឪពុកម្ដាយ ផ្ដល់នូវជីវិតថ្មី ផ្ដល់នូវការទុកចិត្ត ជូនដល់ឪពុកម្ដាយ ជាច្រើនរាប់សិបនាក់ រាប់សែននាក់។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានគួសបញ្ជាក់ថា គណៈគ្រប់គ្រង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលការងាររបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ គឺមិនមែនគ្រាន់តែបំពេញនូវជាវិជ្ជាជីវៈជាពេទ្យនោះទេ ប៉ុន្តែគឺបំពេញនូវបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត។ ការធ្វើការងារជាមួយកុមារ គឺត្រូវតែទទួលបានភាពអត់ធ្មត់ខ្លាំង ធ្វើការជាមួយកុមារមិនដូចធ្វើការជាមួយអ្នកជំងឺជាមនុស្សធំទេ ជួនកាលអាចសម្លុតបាន តែកុមារកាលណាសម្លុតខ្លាំងពេកយំតែម្តង ។ដូច្នេះធ្វើការជាមួយកុមារ ទារក ដោយការផ្តល់នូវក្តីស្រឡាញ់ ផ្តល់នូវការអត់ធ្មត់បានច្រើន ដូច្នេះ នាងខ្ញុំក៏សូមថ្លែងអំណរគុណខ្លាំងមែនទែន ចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ដែលធ្វើការនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគទាំងថវិកា ទាំងកម្លាំងស្មារតី ហើយក៏សូមអំពាវនាវឱ្យបន្តចូលរួមយុទ្ធនាការនេះ ដើម្បីផ្តល់នូវក្តីសង្ឃឹម និងការជួយព្យាបាលដល់កុមារកម្ពុជាជាច្រើន ដែលនឹងជាធនធានមនុស្សដ៏សំខាន់សម្រាប់ជាតិយើង៕








































