រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការប្រគល់បណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋ គឺផ្តល់សុវត្ថិភាពការកាន់កាប់ដីធ្លី ឈានដល់លុបបំបាត់ជម្លោះ និងជំរុញការប្រើប្រាស់ដីធ្លីឱ្យអស់សក្តានុពល សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ

13-06-2026 14:08

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដី) ជូនដល់ប្រជាពលរដ្ឋ គឺជាផ្តល់នូវសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ធ្វើឱ្យប្រជាពលរដ្ឋមានសន្តិភាពផ្លូវចិត្ត គ្មាននរណារំលោភបំពាន កាត់បន្ថយ ឈានដល់លុបបំបាត់ជម្លោះដីធ្លី និងជំរុញការប្រើប្រាស់ដី ឱ្យអស់សក្តានុពល សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ការលើកឡើងបែបបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ១,៦៣៤ក្បាលដី ជូនដល់ប្រជាពលរដ្ឋនៅភូមិបឹងច្រែង ភូមិក្ល ភូមិសោបក្រោម និងសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចចេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ស ចំរុង អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ, លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ អភិបាលសស្រុកស្ដីទី ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើនកុះករ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីវាស់វែងដីធ្លី ឱ្យបានចប់សព្វគ្រប់ប្រគល់ជូនប្រជាពលរដ្ឋ គឺដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដី។ រដ្ឋាភិបាលបានគិតគូរដល់សុខទុក្ខដល់ពលរដ្ឋការវាស់ដី និងចេញបណ្ណកម្មសិទ្ធិដីធ្លី ដើម្បីពលរដ្ឋមានសុវត្ថិភាពកាន់កាប់ដីធ្លីស្របច្បាប់»។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថាការងារវាស់វែងដីធ្លីរហូតចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ គឺមិនមែនជាការងារងាយស្រួលនោះទេ ប៉ុន្តែ ត្រូវការភាពច្បាស់លាស់ ត្រឹមត្រូវ ការអត់ធ្មត់ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ ដូច្នេះ លទ្ធផលដែលផ្តល់ជូនប្រជាពលរដ្ឋនៅឃុំសោបនេះ គឺជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋ។

«ដីធ្លី គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ប្រជាពលរដ្ឋ។ សម្រាប់គ្រួសារខ្មែរភាគច្រើន ដីមួយកន្លែង ផ្ទះ ១ខ្នង ឬដីចម្ការ ១ប្លង់ គឺជាមូលដ្ឋានសេដ្ឋកិច្ច របស់គ្រួសារ ជាកន្លែងរស់នៅ ជាកន្លែងប្រកបរបរកស៉ី ជាកន្លែងបង្កើតចំណូល និងជាទ្រ្យសម្បត្តិសម្រាប់បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ដោយសារតែដីធ្លី មានតម្លៃខ្ពស់បែបនេះការគ្រប់គ្រងដីធ្លីឱ្យមានសណ្តាប់ធ្នាប់ ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ គឺជាកិច្ចការងារសំខាន់របស់រាជរដ្ឋាភិបាល»។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់ៗអាណត្តិបបានយកចិត្តទុកដាក់ខ្ពស់លើការងារកែទម្រង់វិស័យដីធ្លី ដោយចាត់ទុកថាការធានាសិទ្ធិលើដីធ្លីរបស់ប្រជាពលរដ្ឋ គឺជាការធានាផ្នែកសង្គម-សេដ្ឋកិច្ច និងច្បាប់។ គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល មានគោលបំណងសំខាន់ៗដូចជា៖ ធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ការកាត់បន្ថយជម្លោះដីធ្លី ការលើកកម្ពស់ការប្រើប្រាស់ដីធ្លីឱ្យមានប្រសិទ្ធភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការធានាថាប្រជាពលរដ្ឋអាចរស់នៅ និងអភិវឌ្ឍន៍ជីវភាពរបស់ខ្លួនដោយមានទំនុកចិត្ត។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលនឹងបន្តដំណើរការកែ ទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះ ស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការសំដៅគ្រប់ គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការសម្រេច កិច្ចការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះ ជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព និងបានកោតសរសើរនូវការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងគ្រប់ជំហាននៃការចុះបញ្ជីដីធ្លី រហូតដល់បាន ទទួលបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ។

ក្នុងនោះលោកស្រី យឹម ចាន់ធីម អាយុ៦៧ឆ្នាំ រស់នៅភូមិបឹងច្រែង ដែលទើបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យនេះ មានការត្រេកអរសប្បាយរីករាយ ក្នុងពេលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ពីអាជ្ញាធររខេត្ត ដើម្បីជាឧត្តមប្រយោជន៍ក្នុងការប្រើប្រាស់អាស្រ័យផល និងលើកកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃរបស់គាត់ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់នៅតាមទីជនបទ។

សូមរម្លឹកថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បានចាត់ទុកលទ្ធផលដែលសម្រេចបានលើការវាស់វែងដីជូនប្រជាពលរដ្ឋ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជា ព្រោះតែការបញ្ចប់សង្គ្រាម។ ផលសុខសន្តិភាពមិនត្រឹមបញ្ចប់ការប្រយុទ្ធគ្នាប៉ុណ្ណោះទេ តែក៏បានផ្តល់ឱកាសវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋមានឱកាសធ្វើសកម្មភាពសេដ្ឋកិច្ច៕