ប្រកាសសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីគណបក្សស្រុកឆែប, លោក សំ លាងទ្រី៖ កត្តាសាមគ្គីភាពផ្ទៃក្នុង ជាកម្លាំងស្នូលធានាភាពរឹងមាំ និងជោគជ័យរបស់គណបក្ស
13-06-2026 14:09
(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប បានថ្លែងលើកឡើងថា៖ «កត្តាសាមគ្គីភាពផ្ទៃក្នុង គឺជាកម្លាំងស្នូលធានាភាពរឹងមាំ និងជោគជ័យរបស់គណបក្សប្រចាជនកម្ពុជា»។
ការថ្លែងលើកឡើងរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីគណបក្សស្រុក ដោយមានការចូលរួមពីលោក ឃិត សុធារ៉ា ប្រធានគណបក្សស្រុកឆែប ព្រមទាំងប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុក ឃុំ និងសមាជិក សមាជិកា គណបក្សជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះលោក សំ លាងទ្រី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ សមាជិកគណកម្មាធិការកណ្តាល និងប្រធានគណបក្សខេត្តព្រះវិហារ និងលោក គីម រិទ្ធី សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សខេត្ត ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងស្រុកឆែប។
លោក សំ លាងទ្រី បានថ្លែងលើកឡើងទៀតថា «កត្តាសាមគ្គីភាពផ្ទៃក្នុង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ភាពរឹងមាំរបស់គណបក្ស ដូច្នេះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវរួបរួមគ្នា ជួយគ្នា និងគោរពគ្នាទៅវិញទៅមក ដើម្បីបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន»។
លោក សំ លាងទ្រី បានថ្លែងយ៉ាងដូច្នេះទៀតថា៖ការប្រកាសសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីគណបក្សស្រុកឆែប នាពេលនេះ ចាត់ទុកជាការពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងបង្កើនសមត្ថភាពការងាររបស់គណបក្សនៅមូលដ្ឋាន ដើម្បីធានាបាននូវការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងសាមគ្គីភាពរឹងមាំបន្តទៅមុខ។
លោកប្រធានក្រុមការងារ ក៏បានថ្លែងជំរុញដល់មន្ត្រីដែលទទួលបានការសម្រួលភារកិច្ច និងតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងភាពជាគំរូល្អក្នុងការបំពេញការងារ។
ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សទាំងអស់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង រក្សាភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងរួមគ្នាអនុវត្តគោលនយោបាយរបស់គណបក្សឱ្យមានប្រសិទ្ធភាព សំដៅលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕























