ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ធំ ជំរុញឲ្យផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ឲ្យដល់មូលដ្ឋាន
13-06-2026 14:11
(កំពង់ធំ)៖ លោកស្រី ស៊ឹម សុវណ្ណរិទ្ធ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ធំ បានជំរុញក្រុមការងារត្រូវផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារឲ្យដល់មូលដ្ឋាន ដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងកុមារ។
លោកស្រី ស៊ឹម សុវណ្ណរិទ្ធ បានថ្លែងក្នុងពិធីផ្សព្វផ្សាយស្តីពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះដល់សមាជិកគណៈកម្មាធិការក្រុង-ស្រុកទាំង៩ និងអាជ្ញាធរពាក់ព័ន្ធ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្ត លោកស្រី សៀង លី សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូ និងសមាជិកគណៈកម្មាធិការនានាប្រមាណជាង ៣០០នាក់។
លោកស្រីបន្តថា វគ្គនេះមានគោលបំណងពង្រឹងចំណេះដឹងនិងសមត្ថភាពក្នុងការការពារជនរងគ្រោះឱ្យបានទាន់ពេលវេលាព្រមទាំងជំរុញកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា ជាពិសេសអំពើហិង្សាផ្អែកលើយេនឌ័រ។ តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនេះ យើងបានទទួលនូវចំណេះដឹងថ្មីៗ និងការយល់ដឹងកាន់តែច្បាស់អំពីគោលបំណង សារៈសំខាន់ និងខ្លឹមសារសំខាន់ៗនៃច្បាប់ ព្រមទាំងតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធក្នុងការការពារ និងគាំទ្រជនរងគ្រោះដោយអំពើរំលោភបំពានគ្រប់រូបភាព។
លោកស្រីអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធទាំងអស់បន្តពង្រឹងកិច្ចសហការ ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់នេះឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយអំពើរំលោភបំពាននានា ក៏ដូចជាបង្កើតបរិយាកាសសង្គមមួយដែលមានសុវត្ថិភាព សមធម៌ និងគោរពសិទ្ធិមនុស្ស ជាពិសេសការលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ។
លោកស្រី បញ្ជាក់ថាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋាភិបាលកម្ពុជាតែងផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងកុមារី ព្រមទាំងការពារសិទ្ធិ និងសុខុមាលភាពប្រជាពលរដ្ឋគ្រប់រូប ដោយចាត់ទុក «ស្ត្រី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ ទោះបីជាមានការយកចិត្តទុកដាក់ខ្ពស់កអំពើហិង្សាទាក់ទងនឹងយេនឌ័រ (ជាពិសេសអំពើហិង្សាក្នុងគ្រួសារ) នៅតែជាបញ្ហាប្រឈមធំធេង។ អំពើហិង្សានេះ មិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបសគ្គរារាំងដល់ការអភិវឌ្ឍធនធានមនុស្សយុត្តិធម៌សង្គមនិងសន្តិសុខសុវត្ថិភាពក្នុងសហគមន៍ទៀតផង។
លោកស្រី ស៊ឹម សុវណ្ណរិទ្ធ សង្ឃឹមថាសមាជិកទាំងអស់នឹងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅអនុវត្តក្នុងការបំពេញ តួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់ការការពារ ការគាំទ្រ និងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះឱ្យបានទាន់ពេលវេលានិងសមស្របតាមបញ្ញត្តិច្បាប់ជាធរមាន៕





















