សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ
13-06-2026 14:15
(បន្ទាយមានជ័យ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗជាសកម្មភាពស្នូល លើកិច្ចការមនុស្សធម៌ ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
ជាក់ស្ដែង នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី អ៊ុំរាត្រី អមដំណើរដោយក្រុមការងារសាខាកាកបាទ ក្រហមកម្ពុជាខេត្ត អញ្ជើញប្រគល់ផ្ទះពីរខ្នង ជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ មួយខ្នងនៅភូមិតាបែន ឃុំតាបែន នៅស្រុកស្វាយចេក និងមួយខ្នងទៀតនៅក្នុងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
គ្រួសារទី១ មានឈ្មោះថា ម៉ៃ លិន ភេទស្រី អាយុ ៥៨ឆ្នាំ មានជីវភាពក្រីក្រ មិនមានផ្ទះស្នាក់នៅ និងសមាជិកក្នុងបន្ទុកចំនួន ៥នាក់ ស្រី ៣នាក់។ ដោយពិនិត្យឃើញថា គ្រួសារនេះមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌ ដែលសាខាកំណត់ គឺជាគ្រួសារ ស្ត្រីមេម៉ាយក្រីក្រ រស់នៅអចិន្ត្រៃយ៍ក្នុងភូមិ និងមានដីកម្មសិទ្ធិផ្ទាល់ខ្លួនទំហំ ២៥ម៉ែត្រ គុណ ៥៤ម៉ែត្រ សម្រាប់សង់លំនៅដ្ឋានបាន និងមានការយល់ព្រមពី គណៈកម្មាធិការសាខា មន្ត្រីសាខាបានសហការណ៍ចាប់ផ្តើមរកជាង ដើម្បីសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំទទឹង ៤ម៉ែត្រ បណ្តោយ ៧ម៉ែត្រ កម្ពស់ ៣.៨ម៉ែត្រ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់ស៉ីម៉ងត៍ (សាប) សង់ផ្ទាល់ដី (ផ្ទះតៀម)។
គ្រួសារទី២ ឈ្មោះ ម៉ៅ ឈឿយ ភេទស្រី អាយុ ៦០ឆ្នាំ គ្រួសារនេះរស់នៅក្នុងសភាពក្រីក្រ និងផ្ទះត្រូវបានរងគ្រោះដោយខ្យល់កន្ត្រាក់នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ និងមានសមាជិកក្នុងបន្ទុក ចំនួន ៦នាក់ ស្រី ៣នាក់។ ដោយពិនិត្យឃើញថា គ្រួសារនេះមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌ ដែលសាខាកំណត់ គឺជាគ្រួសារ ស្ត្រីមេម៉ាយក្រីក្រ រស់នៅអចិន្ត្រៃយ៍ក្នុងភូមិ និងមានដីកម្មសិទ្ធិផ្ទាល់ខ្លួនទំហំ ១៨ម៉ែត្រ គុណ ១៨ម៉ែត្រ សម្រាប់សង់លំនៅដ្ឋានក្រុមការងារបានសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំទទឹង ៤ម៉ែត្រ បណ្តោយ ៧ម៉ែត្រ កម្ពស់ ៣.៨ម៉ែត្រ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់ស៊ីម៉ងត៍ (សាប) សង់ផ្ទាល់ដី (ផ្ទះតៀម)៕

































