មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះផ្សព្វផ្សាយយន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ធ្វើអាជីវកម្មខ្សាច់ ក្នុងខេត្តកោះកុង
13-06-2026 14:16
(កោះកុង)៖ លោក អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលស្វាគមន៍ពីលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីរាជការតាមបណ្តាស្រុក និងតំណាងក្រុមហ៊ុនអាជីវកម្មខ្សាច់ ជាច្រើនរូប នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ ប្រកបដោយការទទួលខុសត្រូវនៅខេត្តកោះកុង។
លោក អាន ពេជ្រហត្ថដា បានលើកឡើងថា កិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រឹងការយល់ ដឹងអំពីច្បាប់ ជលវិទ្យា ជលគតិ និងការវាយតម្លៃផលប៉ះពាល់នៃអាជីវកម្មបូមខ្សាច់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពមាត់ច្រាំងទន្លេ។
លោកថា កិច្ចប្រជុំដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់លាស់អំពីបទដ្ឋានគតិយុត្ត និងច្បាប់ធរមាននានា ដល់ប្រតិបត្តិករ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងពង្រឹងយន្តការគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ឱ្យមានតម្លាភាព និងគណនេយ្យភាព ធានាការបូម និងដកហូតខ្សាច់ត្រូវអនុវត្ត ទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសវាងការបាក់ច្រាំង និងផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន ព្រមទាំងចរន្តទឹក។
លោកបានអះអាងថា អាជីវកម្មខ្សាច់គឺជាផ្នែកមួយនៃការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវាក៏ទាមទារឱ្យមានការគ្រប់គ្រងយ៉ាងម៉ត់ចត់បំផុត។ រាល់ការធ្វើអាជីវកម្មទាំងអស់ ត្រូវតែធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ ការពារផលប្រយោជន៍សាធារណៈ និងធានាបាននូវចីរភាពបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកស្រី ឈី វ៉ា បានថ្លែងថា កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នាឱកាសនេះ នឹងសម្រេចតាមគោលបំណង និងទទួលបានលទ្ធផលដូចការរំពឹងទុក ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តការងារទទួលបានជោគជ័យ៕













