កម្លាំងនគរបាលក្រុងស្វាយរៀង បន្តឃាត់ខ្លួនក្មេងទំនើង៤នាក់ បញ្ជូនទៅតុលាការ
13-06-2026 14:21
(ស្វាយរៀង)៖ កម្លាំងនគរបាលរដ្ឋបាលសង្កាត់សង្ឃ័រ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានទទួលពត៌មានថា នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានក្មេងទំនើងចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ដោយក្នុងដៃមានកាន់កាំបិតផ្គាក់ និងដាវកែច្នៃ។
ក្រោយពីទទួលបានព័ត៌មានរួចមក និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត, លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សង្ឃ័រ ស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនចំនួន៤នាក់រួមមាន៖
*ទី១៖ ឈ្មោះ ម៉ែន រស្មី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ ឆាយ រតនៈមន្នីឧត្តម អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ រាម សុផា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៤៖ ឈ្មោះ ម៉ប វី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ក្មេងទាំង៤នាក់ មានទីលំនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ នគរបាល បានបានដកហូតវត្ថុតាង រួមមាន៖ កាំបិតផ្គាក់ ០១ដើម ដាវកែច្នៃ ២ដើម និងម៉ូតូ ០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំងនេះ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នា ជិះម៉ូតូ២គ្រឿង ដោយក្នុងដៃមានកាន់កាំបិត និងដាវ ក្នុងគោលបំណង់ទៅវាយ ជនម្នាក់ទៀត ប្រាកដមែន មូលហេតុ មានទំនាស់ពាក្យសម្តីនិងគ្នា។
បច្ចុប្បន្នដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរួចមក ក្រុមក្មេងទំនើងទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

















