ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ក្នុងភូមិសាស្ត្រក្រុងបាវិត
13-06-2026 14:36
(ស្វាយរៀង)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីផ្សព្វផ្សាយផែនការ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀង លោកអភិបាលក្រុងបាវិត លោក-លោកស្រីអភិបាលរងក្រុង កងកម្លាំងទាំង៣ប្រភេទ លោកចៅសង្កាត់ទាំង៥ ក្នុងក្រុងបាវិត ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
គោលបំណង និងខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ និងដាក់ចេញនូវវិធានការក្តៅ ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ពិសេសផ្តោតសំខាន់លើ ទីតាំង ស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស និងការបង្ក្រាបរាល់បទល្មើសបច្ចេកវិទ្យា ជាពិសេសគឺការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលកំពុងតែវិវត្តន៍ប្រែប្រួលយ៉ាងស្មុគស្មាញ។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើចំណុចគន្លឹះមួយចំនួន រួមមាន៖
*ទី១៖ ការរឹតបន្តឹងការគ្រប់គ្រងជនបរទេស៖ ត្រូវហ្មត់ចត់លើការពិនិត្យស្នាក់នៅ និងបណ្ណការងារ ដើម្បីធានាថាគ្រប់ទីតាំងអាជីវកម្មទាំងអស់ដំណើរការទៅដោយស្របច្បាប់
*ទី២៖ ការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ បង្កើនការស្រាវជ្រាវ បង្ក្រាបឱ្យទាន់ពេលវេលានូវរាល់សកម្មភាពឆបោកតាមប្រព័ន្ធព័ត៌មានវិទ្យា មិនទុកឱ្យក្រុងបាវិតក្លាយជាជម្រកនៃក្រុមឧក្រិដ្ឋជនអនឡាញឡើយ
*ទី៣៖ ការពង្រឹងកម្លាំងមូលដ្ឋាន៖ ជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី (ចៅសង្កាត់) ត្រូវក្តាប់ឱ្យជាប់រាល់រចនាសម្ព័ន្ធ និងចរន្តរស់នៅរបស់ប្រជាពលរដ្ឋ និងជនបរទេសក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះ លោកអគ្គស្នងការរងនគរបាលជាតិទាំងពីររូប ក៏បានណែនាំកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែសហការគ្នាជាធ្លុងមួយ ឆ្លើយតបឱ្យបានរហ័ស និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋក្រុងបាវិតទាំងមូល៕




















