បណ្ឌិត ម៉ុង ឫទ្ធី៖ វិស័យកសិកម្ម និងការចិញ្ចឹមសត្វ ជាសសរស្តម្ភដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចជនបទ

13-06-2026 14:45

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានថ្លែងបញ្ជាក់ថា វិស័យកសិកម្ម និងការចិញ្ចឹមសត្វ មិនត្រឹមតែជាវិស័យផលិតស្បៀងអាហារ និងធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏សំខាន់បំផុត នៃសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចជនបទ វិស័យនេះបង្កើតការងាររាប់លានកន្លែង បង្កើតចំណូល កាត់បន្ថយភាពក្រីក្រ និងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្ថេរភាពសង្គមជាតិ។

លោកបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងដូចនេះនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលមហាគ្រួសារចិញ្ចឹមសត្វ និងដាំដំណាំកម្ពុជា និងដោយមានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា អាជ្ញាធរដែនដី លោកឧកញ៉ា លោក លោកស្រី បងប្អូនកសិករ អ្នកចិញ្ចឹមសត្វ អ្នកដាំដុះ ដៃគូអាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនរូបទៀតផងដែរ។

លោកបណ្ឌិត ម៉ុង ឫទ្ធី បានបន្ថែមទៀតថា ការវិនិយោគលើវិស័យកសិកម្ម គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ និងជីវភាពប្រជាពលរដ្ឋ។ វាបានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលរាប់សិបម៉ឺនកន្លែង ពីការដាំដំណាំ ចិញ្ចឹមសត្វ កែច្នៃ ដឹកជញ្ជូន យកទៅផ្គត់ផ្គង់ឱ្យទីផ្សារក្នុងប្រទេសរហូតដល់នាំចេញទៅទីផ្សារអន្ដរជាតិ។ នៅពេលកសិកររឹងមាំ សេដ្ឋកិច្ចជនបទក៏រឹងមាំ ហើយសង្គមជាតិក៏មានស្ថេរភាពស្បៀង។

លោកបណ្ឌិត ក៏ថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រវិស័យកសិកម្ម និងចិញ្ចឹមសត្វ។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ មិនគ្រាន់តែជាអ្នកផ្តល់ឥណទានប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍កសិកម្ម កសិ-ឧស្សាហកម្ម។ ហិរញ្ញប្បទានកសិកម្មគឺជា «ឈាមរត់» ដែលធ្វើឱ្យវិស័យនេះរីកចម្រើន។

លោកបណ្ឌិត ម៉ុង ឫទ្ធី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែចាត់ទុកវិស័យកសិកម្ម ចិញ្ចឹមសត្វ និងការដាំដំណាំជាអាទិភាពជាតិខ្ពស់បំផុត។ លោកក៏បានបញ្ជាក់ពីប្រសាសន៍ផ្ដាំផ្ញើដោយផ្ទាល់មាត់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យរូបលោកជួយខិតខំប្រឹងប្រែងជំរុញការចិញ្ចឹមសត្វ ដាំដំណាំ និងការផលិតជីកសិកម្ម សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលជាបន្ដបន្ទាប់ រហូតដល់បញ្ឈប់ការនាំចូលពីបរទេសទាំងស្រុង។

ដើម្បីឆ្លើយតបទៅនឹងប្រសាសន៍ផ្តាំផ្ញើខាងលើលោកបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់ថា លោកបាននឹងកំពុងតែសាងសង់ដំឡើងរោងចក្រផលិត ជីធម្មជាតិដែលមានកម្លាំងផលិត ១០០តោនក្នុងមួយថ្ងៃ នឹងចាប់ផ្ដើមដំណើរការសាកល្បងផលិតនៅមុនបំណាច់ឆ្នាំ២០២៦ ខាងមុខនេះផងដែរ៕