អ្នកនាំពាក្យក្រសួងសាធារណការ អំពាវនាវដល់ពលរដ្ឋ មកផ្ទៀងផ្ទាត់ឯកសារយានយន្ដ នៅក្រសួង ឬតាម hotline 1275 ក្រោយមានករណីលក់រថយន្ដ ក្លែងបន្លំឯកសារ (Video inside)
13-06-2026 15:15
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលត្រូវការផ្ទៀងផ្ទាត់ឯកសារភាពត្រឹមត្រូវលើយានយន្ដ សូមមកធ្វើការពិនិត្យ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាម hotline 1275 រៀងរាល់ម៉ោងបំពេញការងារ។
ការអំពាវនាវបែបនេះ បន្ទាប់ពីមានករណីប្រជាពលរដ្ឋ បានទិញរថយន្ដក្នុងតម្លៃទាប តែត្រូវបានម្ចាស់រថយន្ដដែលលក់នោះ បានក្លែងបន្លំឯកសារ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ផន រឹម បានថ្លែងថា ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមសម្ដែងការសោកស្ដាយ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលចាញ់កល់ជនទុច្ចរិត ពាក់ព័ន្ធនឹងការលក់ដូរ និងការក្លែងឯកសារ។
ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវការផ្ទៀងផ្ទាត់ឯកសារភាពត្រឹមត្រូវ ពាក់ព័ន្ធទៅនឹងប័ណ្ណសម្គាល់យាន្ដយន្ដ សូមមកផ្ទៀងផ្ទាត់ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ឬក៏តាម hotline 1275។
លោក ផន រឹម បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ដធ្វើការជាមួយនឹងសមត្ថកិច្ច ដើម្បីវេកមុខ និងរកអ្នកទទួលខុសត្រូវ ក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយកន្លងមកនេះ ក្រសួងក៏បានធ្វើការងារច្រើន ពាក់ព័ន្ធករណីនេះផងដែរ៕




