រោងចក្រកែច្នៃជីធម្មជាតិរបស់បណ្ឌិត ម៉ុង ឫទ្ធី ក្រោមទុន ១០លានដុល្លារ ត្រៀមបើកដំណើរការនៅចុងឆ្នាំនេះ ដើម្បីចែកចាយក្នុងតម្លៃទាបដល់កសិករ (Video inside)

13-06-2026 15:21

(កំពង់ស្ពឺ)៖ រោងចក្រជីធម្មជាតិចេញពីលាមកសត្វ មាន់ ទា ជ្រូក និងកាកសំណល់រោងចក្រដូងប្រេង រោងចក្រស្ករអំពៅ កាកសំណល់ពីរោងចក្រស្រាបៀររបស់បណ្ឌិត ម៉ុង ឫទ្ធី ក្រោមទុនប្រមាណ ១០លានដុល្លារ ត្រៀមបើកដំណើរការនៅចុងឆ្នាំ២០២៦នេះ ដើម្បីចែកចាយជីក្នុងតម្លៃទាបដល់កសិករ អាចយកទៅប្រើប្រាស់បាន, ដោយរោងចក្រនេះមានសត្ថមភាពផលិតជីបាន ១០០តោន ក្នុងមួយថ្ងៃ។

ថ្លែក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងផ្តាំផ្ញើឱ្យកសិករទូទាំងប្រទេសធ្វើកសិកម្ម ទាំងដាំ ទាំងចិញ្ចឹម គឺធ្វើយ៉ាងណា កែច្នៃឱ្យអស់លទ្ធភាព ទើបបានតម្លៃផលិត ទាំងដាំ និងចិញ្ចឹមបានថោក ហើយកសិករត្រូវធ្វើយ៉ាងណាកែរច្នៃកាកសំណល់ឱ្យអស់លទ្ធភាព ទើបយើងបានអាចកាត់បន្ថយតម្លៃផលិតបាន។

ជាមួយគ្នានោះស្របពេលដែលក្រុមអ្នកព័ត៌មាន ចុះពិនិត្យមើលរោងចក្រកែច្នៃជីធម្មជាតិនេះ​ លោកបណ្ឌិត ម៉ុង ឫទ្ធី ក៏បានបង្ហាញទីតាំងរោងចក្រ និងគំនរលាមកសត្វទុកត្រៀមសម្រាប់ធ្វើជីធម្មជាតិ និងបានបញ្ជាក់ថា គំនរលាមកសត្វ មានលាមកគោ មាន់ ទា ជ្រូក និងកាកសំណល់រោងចក្រដូងប្រេង រោងចក្រស្ករអំពៅ កាកសំណល់ពីរោងចក្រស្រាបៀរ ដែលលោកបានទិញទុករួចរាល់នេះ មានតម្លៃជាង ១លានដុល្លាររួចហើយ ដើម្បីត្រៀមកែរច្នៃផលិតជាជីធម្មជាតិ។

បើតាមលោកបណ្ឌិត ម៉ុង ឫទ្ធី រោងចក្រកែរច្នៃជីធម្មជាតិនេះ បានសាងសង់ឡើងជាលើកទី១ នៅកម្ពុជា តាមបច្ចេកវិទ្យារបស់ចិន ដែលនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៦នេះ ហើយគិតទាំងដីធ្លី និងទុនបង្វិលរោងចក្រនេះគឺបានប្រើប្រាស់ទុនប្រមាណ ១០លានដុល្លារ ដោយរោងចក្រនេះមានសត្ថមភាពផលិតជីបាន ១០០តោន ក្នុងមួយថ្ងៃ៕

ខាងក្រោមនេះជាកិច្ចសម្ភាសទាំងស្រុងរបស់បណ្ឌិត ម៉ុង ឫទ្ធី៖