អភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ បញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម
13-06-2026 15:29
(ស្ទឹងត្រែង)៖ អដ្ឋិធាតុចំនួន១៨ របស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម មកពីខេត្ត៣ គឺខេត្តស្ទឹងត្រែង ព្រះវិហារ និងខេត្តរតនគិរី ដង្ហែចេញពីកម្ពុជា និងបានមកបញ្ចុះនៅទីលានបញ្ចុះអដ្ឋិធាតុ សង្កាត់ដឹកកឺ ខេត្តហ្សាឡាយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងគណៈប្រតិភូអមដំណើរ លោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី និងលោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ។
នៅក្នុងយុទ្ធនាការរុករក ដើមរដូវប្រាំង ឆ្នាំ២០២៥-២០២៦ របស់ គណៈកម្មការរុករកអដ្ឋិធាតុ ខេត្តហ្សាឡាយ (វៀតណាម) សំរាប់ខេត្តស្ទឹងត្រែងមានចំនួន៧អដ្ឋិធាតុ ខេត្តព្រះវិហារ មានចំនួន៣អដ្ឋិធាតុ និងខេត្តរតនគិរី ចំនួន ៨ អដ្ឋិធាតុ។
ដោយគិតមកដល់បច្ចុប្បន្ននេះ គណៈកម្មការ ជំនាញរុករកអដ្ឋិធាតុ ភាគីទាំង២ បានគាស់កកាយ ចាប់ពីឆ្នាំ២០០២មក មានចំនួន ២៣លើក ស្មើនឹង ៤៤៣អដ្ឋិធាតុ ដែលបានរកឃើញក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ហើយ ១អដ្ឋិធាតុទៀត គឺក្រុមគ្រួសារ មកទទួលយកទៅដោយខ្លួនឯង។ ដោយឡែក ខេត្តព្រះវិហារ មានចំនួន៥៣១អដ្ឋិធាតុខេត្តរតនគិរី មានចំនួន៥៥៦អដ្ឋិធាតុ។
លោក សរ សុពុត្រា បានថ្លែងថា ការដឹកនាំគណៈប្រតិភូ មកគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុ ជំនាញការ និងកងទ័ពស្ម័គ្រចិត្តវៀតណាម គឺក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដែលប្រទេសទាំង២ តែងតែជួយគ្នាទៅវិញទៅមក ហើយមិនភ្លេចទេនៅគុណូបការៈ ដែលកងទ័ព បានពលី នាសម័យសង្គ្រាម ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលបានកើតមានឡើង មកលើប្រជាជនកម្ពុជា ក្នុងអតីតកាលដ៏ខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលកើតមានឡើងមកលើប្រជាជនកម្ពុជា។
កិច្ចទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អនេះ បានក្លាយជាស្ពានចម្លងដ៏រឹងមាំក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី និងភាពជាអ្នកជិតខាងល្អរវាង ខេត្តទាំង២ និងប្រទេសទាំង២ ឱ្យកាន់តែរឹងមាំទ្វេឡើង។
លោកអភិបាលខេត្ត បន្តថា អាជ្ញាធរដែនដី កំលាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ និងគណៈកម្មការរុករកអដ្ឋិធាតុខេត្ត បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀត ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។
លោកស្រី ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការ ជំនាញរុករកអដ្ឋិធាតុ ខេត្តហ្សាឡាយ បានថ្លែងថា នាពេលកន្លងមក ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងមានការសម្របសម្រួល និងជួយជ្រោមជ្រែងពីរអជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និង ប្រជាជននៃខេត្តទាំង៣ កម្ពុជា រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមK52 បានរុករក និងធ្វើមាតុភូមិនិវត្តន៍សរុបចំនួន១៥៣១អដ្ឋិធាតុ។
ដំណក់ឈាមស្រល់របស់វីរៈ យុទ្ធជនពលីបានធ្វើឲ្យទង់ជាតិនៃមាតុភូមិវៀតណាមកាន់តែស្រស់បំព្រោងជ្រោមនិងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវចំណងមិត្តភាពប្រពៃណីរវាងប្រជាជនវៀតណាម និងកម្ពុជា៕





















