បណ្ឌិត ម៉ុង ឫទ្ធី លើកទឹកចិត្តឱ្យកសិករផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណី ទៅជាកសិកម្មទំនើប ដើម្បីបង្កើនផលិតភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក

13-06-2026 15:36

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានថ្លែងលើកទឹកចិត្តឱ្យប្រជាកសិករត្រូវផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណី ទៅជាកសិកម្មទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតភាព និងប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។

លោកបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងដូចនេះនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលមហាគ្រួសារចិញ្ចឹមសត្វ និងដាំដំណាំកម្ពុជា និងដោយមានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា អាជ្ញាធរដែនដី លោកឧកញ៉ា លោក លោកស្រី បងប្អូនកសិករ អ្នកចិញ្ចឹមសត្វ អ្នកដាំដុះ ដៃគូអាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនរូបទៀតផងដែរ។

លោកបណ្ឌិត ម៉ុង ឫទ្ធី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តគោលនយោបាយថ្មីៗ ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរឹងមាំ តាមរយៈការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកសិកម្មឆ្លាតវៃ (Smart Agriculture), អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម រួមទាំងប្រព័ន្ធធារាសាស្ត្រ និងឃ្លាំងស្តុកទុកទំនើប, លើកទឹកចិត្តការបន្ថែមតម្លៃលើផលិតផលកសិកម្ម តាមរយៈការភ្ជាប់ខ្សែច្រវាក់តម្លៃពីកសិករ រហូតដល់អ្នកនាំចេញ។

លោកបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានពង្រឹងការគ្រប់គ្រងសុខភាពសត្វ និងសុវត្ថិភាពចំណីអាហារ ដើម្បីបង្កើនទំនុកចិត្តទីផ្សារក្នុង និងក្រៅប្រទេស, លើកទឹកចិត្តយុវជន និងស្ត្រី ឱ្យចូលរួមក្នុងវិស័យកសិកម្មទំនើប តាមរយៈកម្មវិធីបណ្តុះបណ្តាល និងគាំទ្រហិរញ្ញវត្ថុ, ជំរុញការនាំចេញផលិតផលកសិកម្ម និងសាច់សត្វ ទៅកាន់ទីផ្សារអន្តរជាតិ ខណៈកាត់បន្ថយការពឹងផ្អែកលើការនាំចូលទស្សនៈវិស័យរបស់យើងគឺ «កសិកម្មទំនើប កសិកររុងរឿង សេដ្ឋកិច្ចជាតិរឹងមាំ»។

លោកបណ្ឌិត ម៉ុង ឫទ្ធី ក៏បានលើកទឹកចិត្តឱ្យប្រជាកសិករ ត្រូវផ្លាស់ប្តូរពីការផលិតវត្ថុធាតុដើម ទៅជាការផលិត ផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដោយភ្ជាប់កសិកម្ម ឧស្សាហកម្មកែច្នៃ បច្ចេកវិទ្យា ទីផ្សារ ឱ្យបានយ៉ាងរលូន ហើយលោកក៏បានបង្ហាញជំនឿជាក់ថា កសិកម្មរឹងមាំ គឺសេដ្ឋកិច្ចជាតិរឹងមាំ ប្រជាជនមានការងារ និងចំណូល គឺសង្គមមានស្ថេរភាព និងសន្តិសុខ កសិករមានអនាគត គឺប្រទេសជាតិមានអនាគតដ៏ត្រចះត្រចង់៕