ថ្នាក់ដឹកនាំខេត្តកណ្ដាល ណែនាំអាជ្ញាធរក្រុងអរិយក្សត្រ ផ្សព្វផ្សាយច្បាប់ ស្ដីពីការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ជូនទៅដល់គ្រួសារ ដែលជាមុខសញ្ញាប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ
13-06-2026 15:41
(កណ្ដាល)៖ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានណែនាំអាជ្ញាធរក្រុងអរិយក្សត្រ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់សង្កាត់ទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ជូនទៅដល់គ្រួសារដែលជាមុខសញ្ញាប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ដល់លំនៅឋានរបស់ពួកគាត់ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារកុំឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកស្រីអភិបាលរងខេត្តកណ្តាល បានធ្វើការអំពាវបែបនេះក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការចំណាកស្រុកដោយសុវត្ថិភាព នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងបរិវេណវត្តព្រែកអំពិល ក្រុងអរិយក្ស ខេត្តកណ្តាល។
លោកស្រីអភិបាលរងខេត្តកណ្តាល បន្តថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ជាវិនាសកម្មមួយសម្រាប់គ្រួសារ ដែលធ្វើឱ្យមានអ្នកស្លាប់បាត់បង់ជីវិត អ្នកជាប់ទោស ពិសេសបានបន្សល់កុមារកំព្រា ដែលធ្វើឱ្យពួកគេបាត់ទីពឹង និងក្លាយជាបន្ទុកសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ ដូច្នេះមានតែយើងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដែលបានដឹងនូវមុខសញ្ញាដែលតែងតែមានការឈ្លោះទាស់ទែងគ្នា ពិសេសត្រូវផ្ដោតទៅលើគ្រួសារដែលទើបលែងលះគ្នារួច ហើយសុំជានាគ្នាវិញ ដែលជាគោលដៅក្នុងការកំណត់មុខសញ្ញាដែលយើងត្រូវចុះធ្វើការផ្សព្វផ្សាយ អប់រំអំពីគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ទៅដល់ក្រុមគ្រួសារដែលជាមុខសញ្ញាទាំងនោះ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមានអំពើហិង្សានៅក្នុងគ្រួសាររបស់ពួកគាត់។
ជាមួយគ្នានេះដែរ លោកស្រីអភិបាលរងខេត្តកណ្ដាល ក៏បានលើកឡើងអំពីគោលបំណងនៃវេទិកានេះ គឺដើម្បីបន្តពង្រឹងការយល់ដឹង និងរួមចំណែកទប់ស្កាត់រាល់គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ជាពិសេសលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងលើកកម្ពស់ការចំណាកស្រុកដោយសុវត្ថិភាព។
លោកស្រីអភិបាលរងខេត្ត បន្ដែមថា បញ្ហាប្រឈមថ្មីៗ នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ការវិវត្តយ៉ាងរហ័សនៃប្រព័ន្ធអ៉ីនធឺណិត ទោះបីជាផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ការសិក្សា និងការទាក់ទងគ្នាក៏ដោយ ប៉ុន្តែវាក៏បានក្លាយជាឧបករណ៍ដែលជនល្មើសប្រើប្រាស់ដើម្បីអូសទាញ និងល្បួងកុមារ តាមរយៈបណ្តាញសង្គមផ្សេងៗ។ក្នុងនោះការផលិត និងការចែកចាយរូបភាព/វីដេអូអាសអាភាសកុមារ ដែលជាការរំលោភបំពានសិទ្ធិ និងបំផ្លាញអនាគតកុមារយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នាដែរ ចំពោះការចំណាកស្រុកដោយសុវត្ថិភាព លោកស្រីអភិបាលរងខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ទៅធ្វើការងារនៅក្រៅមូលដ្ឋាន ឬក្រៅប្រទេស ត្រូវធ្វើឡើងតាមច្រកផ្លូវច្បាប់ និងមានឯកសារគតិយុត្តត្រឹមត្រូវ ដើម្បីជៀសវាងការចាញ់បោកមេខ្យល់អូសទាញទៅធ្វើការដោយខុសច្បាប់ និងទទួលបានការការពារសិទ្ធិ និងលក្ខខណ្ឌការងារសមរម្យ បង្ការខ្លួនពីការធ្លាក់ទៅក្នុងស្ថានភាពបង្ខំឱ្យធ្វើការងារដោយទំងន់ ឬការជួញដូរពលកម្ម។
លោកស្រីអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ត្រូវបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ឬតំបន់ដែលមានអត្រាចំណាកស្រុកខ្ពស់។ ក្នុងនោះផងដែរឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូបត្រូវតែតាមដាន និងគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិករបស់កូនៗឱ្យបានដិតដល់ ដើម្បីការពារពួកគេពីការល្បួងលោមរបស់ជនខិលខូចតាមប្រព័ន្ធអ៊ីនធឺណិត។
លោកស្រីថា គ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ច។ ប្រសិនបើមានការសង្ស័យ ឬជួបប្រទះករណីជួញដូរមនុស្ស ករណីរំលោភបំពានលើកុមារ ឬសកម្មភាពមេខ្យល់ខុសច្បាប់ ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលា៕




























